ក្រសួងកសិកម្ម៖ នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ
សេដ្ឋកិច្ច July 22, 2023 Khmernote

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

យោងតាមតម្លៃស្រូវនៅទីវាលដែលប្រមូលដោយសហព័ន្ធ ស្រូវអង្ករកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ស្រូវប្រភេទ IR មានតម្លៃ ១ ០៤៧រៀល/គ.ក្រ ខណៈស្រូវប្រភេទ OM មានតម្លៃ ១ ០២៩រៀល/គ.ក្រ។ ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ គឺមានតម្លៃខ្ពស់ជាងគេ បើធៀបនឹងប្រភេទពូជស្រូវ IR និង OM ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈ ពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០រៀល/គ.ក្រ។

ក្រៅតែពីថ្លៃស្រូវមានស្ថានភាពល្អប្រសើរ តម្លៃជីកសិកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមក ទល់ពេលនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី ៣៥ដុល្លារ/បាវ មកនៅត្រឹម ២៣,៥ដុល្លារ/បាវ ខណៈជីដេអាប៉េ (DAP: 18-46-0) ធ្លាក់ថ្លៃពី ៤២ដុល្លារ/បាវ មកនៅត្រឹម ៣៦ដុល្លារ/បាវ។ លើសពីនេះទៀត តម្លៃថ្នាំកសិកម្មមួយចំនួនក៏ថយចុះផងដែរ ដូចជា ថ្នាំកម្ចាត់ស្មៅឈ្មោះ Atrazine 80% WP បានថយចុះ ៣៥% ថ្នាំកម្ចាត់ស្មៅឈ្មោះ Glyphosate 48% SL និង 2.4, D 72% SL បានថយចុះក្នុង កម្រិតពី ២១% ដល់ ២៣% ថ្នាំកម្ចាត់ជំងឺឈ្មោះ Mancozeb 80% WP បានថយចុះ ១៤% ថ្នាំសម្លាប់សត្វ ល្អិត ឈ្មោះ Acephate បានថយចុះប្រមាណ ៦% ខណៈពេលដែលប្រភេទថ្នាំកសិកម្មផ្សេងទៀតមានការ ប្រែប្រួលតម្លៃតិចតួច។

លទ្ធផលនេះកើតចេញពីការចូលរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទម្លាក់ថវិកា ទាន់ពេលវេលា សម្រាប់អន្តរាគមន៍ទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រមូលផល ការសម្រួលការ នាំចេញស្រូវ-អង្ករ និងការបើកឱកាសប្រកួតប្រជែងលើទីផ្សារសម្រាប់ជីនិងថ្នាំកសិកម្មដែលមានគុណភាព៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ