ផ្លូវជាតិលេខ ៤៨ នឹងក្លាយជាផ្លូវដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា នៅពេលបញ្ចប់ការសាងសង់នៅឆ្នាំក្រោយនេះ
សេដ្ឋកិច្ច July 21, 2023 Khmernote

គម្រោងផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាផ្លូវដ៏សំខាន់មួយ របស់កម្ពុជា​ មិនចាញ់គម្រោងសាងសង់នានា។ នៅពេលបញ្ចប់ការសាងសង់រួច ផ្លូវនេះនឹងក្លាយជាផ្លូវតួឯកមួយ ដែលផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងសេចដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង។

បើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវជាតិលេខ ៤៨ នេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។

បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងផ្លូវ៖ ១៤៨ គីឡូម៉ែត្រ ដោយចំណុចចាប់ផ្ដើម គឺប្រសព្វជាមួយផ្លូវជាតិលេខ៤ ខណៈចំណុចបញ្ចប់នៅ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ បើកការដ្ឋានសាងសង់៖ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដោយចំណាយរយៈពេលសាងសង់៖ ៣២ខែ។​ កម្រោងនេះផងដែរ និងសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៥,១៤ លានដុល្លារអាមេរិក សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture៕

អត្ថបទ៖ លីនី