យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា ប្រជាជនខ្មែរដែលមានទ្រព្យច្រើន បាននាំគ្នាសម្រុកទៅលេងកម្សាន្តនៅប្រទេសវៀតណាម។ ជាក់ស្ដែងក្នុងរយៈប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបានក្លាយជាចំណែកទីផ្សារដ៏ធំបំផុតមួយរបស់វៀតណាម ដែលក្នុងនោះប្រជាជនកម្ពុជាចំនួន ១៩៨,០០០ នាក់បានមកកម្សាន្តនៅប្រទេសវៀតណាម។
លោកស្រី Phan Huynh Phuong Hoang អគ្គនាយករងនៃប្រតិបត្តិករទេសចរណ៍ឈានមុខគេ Vietravel មានលើកឡើងថា កន្លងមកភ្ញៀវទេសចរកម្ពុជាភាគច្រើនបានមកប្រទេសវៀតណាមក្នុងគោលបំណងព្យាបាលសុខភាព។ លោកស្រី បានបន្ថែមថា ភ្ញៀវទេសចរកម្ពុជាម្នាក់បានចំណាយប្រាក់ ៨០០-៩០០ដុល្លារ សម្រាប់ដំណើរកម្សាន្តទៅកាន់ទីក្រុងហាណូយ និងហាឡុងភាគខាងជើងប្រទេសវៀតណាម ដែលស្មើនឹងតម្លៃដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ដោយឡែកលោក Tran Quoc Thinh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tay Ninh ដែលជាប់ព្រំដែនកម្ពុជាបានមានប្រសាសន៍ថា ច្រកទ្វារព្រំដែន Moc Bai គឺជាច្រកផ្លូវដ៏សំខាន់មួយដើម្បីស្វាគមន៍ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាម។ ភ្ញៀវទេសចរខ្មែរចូលទៅវៀតណាមមានបីប្រភេទ ក្រុមទី១.ភ្ញៀវដែលមកពីខេត្តចំនួនបីជាប់នឹងខេត្ត Tay Ninh សម្រាប់ដំណើរទេសចរណ៍ប្រចាំថ្ងៃ។ ទី២ ភ្ញៀវទេសចរមកពីទីក្រុងធំៗដូចជារាជធានីភ្នំពេញ និងសៀមរាប ដែលធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីស្វែងរកសេវាព្យាបាល និងទី៣ ភ្ញៀវទេសចរដែលជ្រើសរើសការសម្រាកលំហែកាយរយៈពេលវែង និងរមណីយដ្ឋានប្រណិតៗនៅ Phu Quoc ដាឡាត់ និង Vung Tau។
លើសពីនេះទៅទៀត អ្នកក្នុងវិស័យទេសចរណ៍បាននិយាយថា ប្រទេសវៀតណាមមានសក្ដានុពលធំក្នុងការជំរុញប្រាក់ចំណូលពីវិស័យទេសចរណ៍ពីក្រុមភ្ញៀវទេសចរកម្ពុជាដែលចំណាយខ្ពស់។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ កង្វះផលិតផលទេសចរណ៍ និងសេវាកម្មផ្លូវអាកាសផ្ទាល់ដែលតភ្ជាប់ទីក្រុងធំៗរវាងវៀតណាម និងកម្ពុជា បានរារាំងដល់កំណើន៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


