កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស នៅខេត្តព្រះសីហនុ កំពុងអន្ទងចិត្តភ្ញៀវទេសចរ ទៅលេងកម្សាន្តជាហូរហែ
ទេសចរណ៍ July 14, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស នៅខេត្តព្រះសីហនុ កំពុងអន្ទងចិត្តភ្ញៀវទៅលេងកម្សាន្ត ជាហូរហែ ដោយសារតែទីតំាងនោះមានធម្មជាតិស្រស់ស្អាត ដែលផ្សារភ្ជាប់ទៅនឹងកសិទេសចរណ៍។

លោក ឃឹម សន ប្រធានក្រុមកសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស មានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស បានចាប់ផ្តើមតាំងពីឆ្នាំ២០២០ លើទំហំផ្ទៃដី៣០ហិកតា។ ដំបូងឡើយកសិដ្ឋានមានអូទ្រីស តែ១០០ក្បាល ប៉ុន្តែពេលនេះអូទ្រីសមានជាង៤០០ក្បាល ហើយមិនតែប៉ុណ្ណោះក៏មានសត្វជាច្រើនទៀត ។

លោកបានបន្ដថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរកម្សាន្តទៅលេងខេត្តព្រះសីហនុ ដើម្បីទៅញុំាមឹកអាំង ឬទៅមើលទឹកសមុទ្រ ដើម្បីបំបាត់ភាពតានតឹងហើយនោះ ក៏អាចអញ្ជើញមកចូល លេងកសិដ្ឋានចិញ្ចឹមចៀមនិងអូទ្រីស ដែលមានទីតាំងនៅក្នុងឃុំសម្រង់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដែរ ដើម្បីបន្ថែមចំណីអារម្មណ៍ឲ្យកាន់តែរីករាយថែមទៀត ។

«បងប្អូនមកចូលមកទស្សនា បើនៅកន្លែងចៀមគឺយើងមានកន្លែងឃ្វាលថតរូប មានវាលស្មៅ ហើយមានស្មៅឱ្យភ្ញៀវគាត់ដាក់ហើយជារត់មកដើម្បីថត ពេលខ្លះគាត់ក៏អាចបីកូនចៀមថតរូបក៏បានដែរ។ បើសម្រាប់សត្វអូទ្រីសគឺយើងមានកន្លែងថតដែរតែនៅក្នុងរោង ហើយយើងមានផ្ដល់ជាត្រកួន ជាស្មៅ យើងសម្រាប់ដាក់ឲ្យឱ្យស៊ីហើយយើងអាចថតរូប កាលមុនយើងមានទឹកធ្លាក់ ប៉ុន្តែឥឡូវនេះយើងកំពុង អភិវឌ្ឍន៍យើងក៏បានបិទកន្លែងទឹកធ្លាក់សិន»។

លោក ឃឹម សន បានបន្ដថា ការចិញ្ចឹមសត្វអូទ្រីសនេះ មិនសូវជាលំបាកចិញ្ចឹមឡើយ គ្រាន់តែយើងយល់ពី របៀបមើលជំងឺ ចាក់វ៉ាក់សាំង របៀបដាក់ចំណីមានស្មៅធម្មជាតិ និងចំណីធ្វើដោយខ្លួនឯង។ លោកបញ្ជាក់ថា ការចិញ្ចឹមសត្វអូទ្រីសនេះ មិនមែនទាល់តែមានកសិដ្ឋានធំៗទើបអាចចិញ្ចឹមបានឡើយ សម្រាប់អ្នករស់នៅតាមភូមិក៏អាចចិញ្ចឹមបានដែរ ដើម្បីបង្កើតចំណូលបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន