យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៣នេះ សមាគមស្ករតោ្នតកំពង់ស្ពឺ ផលិតស្ករបានប្រមាណ៩០តោន សម្រាប់ ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ដែលបានរួមចំណែកធ្វើឱ្យសមាជិកក្នុងសមាគម កាន់តែមានជីវភាពល្អប្រសើរ។
លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានលើកឡើងថា គិតចាប់ពីដើមឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ស្ករត្នោតប្រភេទម្សៅរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតនិង នាំចេញទៅក្រៅប្រទេសបានប្រមាណ ៧០តោនហើយ ដោយសារតែមានការជឿទុកចិត្ត ពីអតិថិជន ទាំងគុណភាពនិងតម្លៃ ជាពិសេសដោយសារជាស្ករត្នោតដែលបានទទួលស្គាល់ ជាផលិតផលសម្គាល់ ភូមិសាស្ដ្រ(GI) ។
លោកបានបន្តថា ចំពោះតម្លៃគឺមានភាពខុសគ្នាបន្តិចបន្តួច ដែលកាលពីឆ្នាំ២០២២ ស្ករត្នោតប្រភេទម្សៅ មានតម្លៃ៧,០០០រៀល ហើយនៅក្នុងឆ្នាំ២០២៣នេះ មានតម្លៃប្រមាណ៧,៣០០រៀល ។ ដោយឡែក សម្រាប់ស្ករសាច់កាលពីឆ្នាំ២០២២ មានតម្លៃ៦,៥០០រៀល ហើយសម្រាប់ឆ្នាំ២០២៣នេះ គឺមានតម្លៃ រហូតដល់៧,០០០រៀល ។ ក្នុងនោះ ស្ករតោ្នតកំពង់ស្ពឺ ភាគច្រើនគឺនាំចេញទៅកាន់សហភាពអឺរ៉ុប ហើយថ្មីៗនេះក៏មានការនាំចេញទៅកាន់ប្រទេសចិនមួយចំនួនផងដែរ ។
« ទាក់ទងនឹងស្ករតោ្នតកំពង់ស្ពឺនៅក្នុងឆ្នាំ២០២៣ដែលគិតពីចុងឆ្នាំ២០២២ ខែ១២ រហូតដល់ចុងខែ០៥នេះ គឺផលិតបាន៩០តោន ក្នុងនោះស្ករម្សៅ គឺប្រមាណ៧០តោន ហើយសម្រាប់ ការផ្គត់ផ្គង់វិញ គឺស្ករម្សៅភាគច្រើននាំចេញទៅក្រៅប្រទេស ហើយដូចបានជម្រាបពីមុនៗមកហើយ ថាភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប មានអាល្លឺម៉ង់ បារាំង ជាដើម ក្នុងឆ្នាំនេះផងដែរ ក៏បាននាំ ចេញទៅប្រទេសចិនដែលជាលើកដំបូង ដែលមានចំនួន៧តោន ហើយថ្មីៗនេះ គេបានទាក់ទងមក បន្ថែមទៀត ដើម្បីបញ្ជាទិញសម្រាប់រដូវកាលថ្មីទៅកាន់ប្រទេសចិនបន្ថែមទៀត » ។
សូមបញ្ជាក់ថា សមាគមស្ករត្នោតកំពង់ស្ពឺ មានពលរដ្ឋជាសមាជិកចំនួន១៥០គ្រួសារ ដោយពួកគេកំពុង ផលិតស្ករ២ប្រភេទ គឺប្រភេទស្ករម៉ាកសម្គាល់ភូមិសាស្រ្ត(GI) និងប្រភេទស្ករសាច់ ។ ក្នុងនោះ សមាគម មិនមែនជាអ្នកទិញលក់នោះទេ គឺគ្រាន់តែគ្រប់គ្រងបរិមាណស្ករសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក នោះទេ ហើយសមាគមក៏ជាអ្នកចរចាតម្លៃជាមួយដៃគូចែកចាយផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន


