ឆមាសទី១ នៃឆ្នាំ២០២៣នេះ កម្ពុជានាំចេញកសិផលទៅ ៦៧ប្រទេស ទទួលចំណូលបាន ២.៤ពាន់លានដុល្លារ
សេដ្ឋកិច្ច July 14, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើ ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប ៣ ៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផល ក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០.៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស។​

របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃនេះថា នៅឆមាសទី១ ឆ្នាំ២០២៣ នេះ កម្ពុជា ទទួលបានចំណូលចំនួន ២ ៤០១ ៦៩២ ២៦៤.៨២ ដុល្លារ ធ្លាក់ចុះ ២២.៥២ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ២៨១ ៨៣៦ ២១៥ដុល្លារ, ការនាំចេញស្រូវមានចំនួន ៤៤៧ ២០៧ ៧១៤ដុល្លារ និងតម្លៃការ នាំចេញ កសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៦៧២ ៦៤៨ ៣៣៥.៨២ដុល្លារ។

​ការនាំចេញកសិផលក្នុងឆមាសទី១ ឆ្នាំ២០២៣ មានការថយចុះចំនួន ២២.៥២ភាគរយ នេះដោយសារតែ៖ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្ដាលឱ្យការបញ្ជាទិញទំនិញគ្រប់ ប្រភេទថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម។ កំណើននៃការស្រូបទាញយកវត្ថុធាតុដើម ក្នុងស្រុក ដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្ដាលឱ្យមានកំណើននៃ ការស្រូបយកផលិតផលស្រស់មកកែច្នៃ។

ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយ សារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុ នាំឱ្យប៉ះពាល់ ដល់ទិន្នផល និងគុណភាពនៃដំណាំ។ ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រ ភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួនមិនមានការកត់ត្រា៕

ប្រភព៖ ក្រសួងព័ត៌មាន