យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីណែនាំស្ដីពីគោលការណ៍ និងនីតិវិធីនៃការអនុវត្តអត្រាថ្លៃអនុគ្រោះពិសេស ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើពេលយប់ ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង៧:០០ព្រឹក សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីដែលទទួលប្រភពពីបណ្តាញជាតិ។
ចំពោះនីតិវិធីស្នើសុំថ្លៃអនុគ្រោះ៖
១. ចំពោះទីតាំងប្រើប្រាស់ជាសហគមន៍៖ សហគមន៍ត្រូវចាត់បុគ្គលមួយរូបតំណាងសហគមន៍ ហើយបុគ្គលនោះ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី/ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ(អគ្គិសនីកម្ពុជា/អ្នកផ្គត់ផ្គង់នៅតំបន់នោះ) តាមរយៈអាជ្ញាធរឃុំ/សង្កាត់
២. ចំពោះទីតាំងប្រើប្រាស់ជារូបវន្តបុគ្គល ឬនីតិបុគ្គល៖ អ្នកស្នើសុំ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា ឬអ្នកផ្គត់ផ្គង់ឯកជន)។
គួរបញ្ជាក់ថា បើក្នុងករណីទីតាំងស្នើរសុំនោះ ស្ថិតនៅក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ឯកជន អ្នកផ្គត់ផ្គង់ឯកជនត្រូវស្នើរសុំបន្តទៅមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ( ម.អ.ជ) របស់អគ្គិសនីកម្ពុជា ដើម្បីសុំការឯកភាព។ ក្នុងករណី មានចង្ងល់បងប្អូនអាច ទាក់ទងមកកាន់ក្រុមការងារចម្រុះ EAC-EDC សម្រាប់ពន្យល់ និងបំភ្លឺ ដែលមានទូរស័ព្ទទំនាក់ទំនង លេខ 077 222 012 /090 903 311 សម្រាប់ជួយពន្យល់ និងបំភ្លឺបន្ថែម អំពីគោលការណ៍ និងនិតិវិធីនៃការអនុវត្តអត្រាថ្លៃអនុគ្រោះពិសេសសម្រាប់វិស័យកសិកម្មនេះ៕




អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ


