ចិន ឈរនៅលំដាប់លេខរៀងទី១ ក្នុងការវិនិយោគនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ
សេដ្ឋកិច្ច July 13, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ តួលេខវិនិយោគមកពីប្រទេសចិន បានឈរ នៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២ភាគ៣ នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែក ប្រមាណ ២០ភាគរយ នៃទុនវិនិយោគសរុប។​

ឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា“គ.វ.ក.” និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា“គ. ស. ព.” បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុន វិនិយោគសរុបចំនួន ប្រមាណ ១,១ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ប្រមាណ ១២២ពាន់កន្លែង។​

ក្នុងចំណោមគម្រោងវិនិយោគទាំង ១១៣នេះ គម្រោងចំនួន ១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោងចំនួន ៧ ស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន ៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោង ចំនួន ១ ស្ថិតនៅក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។

​បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ចំនួនគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ១,៥ប៊ីលានដុល្លារ អាម៉េរិក។ មូលហេតុចម្បង នៃការថយចុះ បរិមាណទុនវិនិយោគដ៏គួរឱ្យកត់សម្គាល់នេះ គឺដោយសារវត្តមាននៃគម្រោងធំៗមួយចំនួននៅឆមាសទី១ ឆ្នាំ២០២២ ក្នុងនោះមាន គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ក្នុងទុនវិនិយោគចំនួន ១,៣ប៊ីលានដុល្លារអាម៉េរិក របស់ក្រុមហ៊ុន Kampot Logistics and Port Company Limited, គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥៣W ស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ក្នុងទុនវិនិ យោគប្រមាណ ៣៨៩លានដុល្លារអាម៉េរិក របស់ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. និងគម្រោងបង្កើតរោងចក្រផលិត សម្បកកង់ យានយន្តគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ២៩៧លានដុល្លារអាម៉េរិក របស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន