ដំណឹងល្អ! អ្នកលក់ដូរ បើកកង់បី ម៉ូតូឌុប អាចធ្វើប័ណ្ណ ប.ស.ស. បានចាប់ពីពេលនេះតទៅ ដោយ១ខែបង់តែជាង ១ម៉ឺនរៀលប៉ុណ្ណោះ
សេដ្ឋកិច្ច July 12, 2023 Khmernote

ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ដោយចាប់ពីពេលនេះទៅបងប្អូនអាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បាន តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត នេះបើយោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

យ៉ាងណាមិញ ដើម្បីទទួលបានប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
១.មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល
២. ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក
៣. ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.
៤. សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម

អត្ថបទ៖ លីនី