អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់សម្រេចបានជាង៥០%ហើយ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២៥
សេដ្ឋកិច្ច July 11, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់សម្រេចបានជាង ៥០ភាគរយហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២៥ ដោយបានចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារសហរដ្ឋ អាមេរិក ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋ លេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ការងារសាង សង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ។

ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះ ផ្នែកសំខាន់ៗអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ដែលនឹងអាចទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចតនៅរាជធានីភ្នំពេញ នាពេលខាងមុខ។

សំឡេង៖ « វឌ្ឍនភាពនៃការសាង សង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺសម្រេចបានជារួមជាង៥០ ភាគរយហើយ ក្នុងនោះបើគិតជាការចំណាយស្មើជាង៧១២លានដុល្លារ ហើយក្នុងនោះ វឌ្ឍនភាពសំខាន់ៗមានទីមួយផ្នែកស្ថានីយអ្នក ដំណើរយើងសម្រេចបានជាង៤២ ភាគរយ មជ្ឈមណ្ឌលផ្គត់ផ្គង់ថាម ពលសម្រេចបានជាង៦៣ភាគរយ ការងារទាក់ទងទៅនឹងទីលានយន្ត ហោះគឺសម្រេចបានជាង៤៣ភាគ រយ និងការងារប៉មបញ្ជាហោះហើរ គឺសម្រេចបានជាង៨៧ភាគរយ » ។

ឯកឧត្តម បានបន្ថែមទៀតថា បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នឹងមានសមត្ថ ភាពទទួលបានការចុះចតយន្ត ហោះរហូតដល់ធុនធំៗ ដែលមានកូដអេហ្វ (Code F: A-340- 300, A350-900 និង B777- 200/300ER, B747- 300/400) ដែលមានចំណតយន្ត ហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី ១៣លានទៅ១៥ លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០តោន/ឆ្នាំ (២០២៤) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០ -២០៤០) ។

ចំណែកការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៤៦% ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាស យានដ្ឋានអន្តរជាតិតេជោតែម្តង ។

សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្ត កណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន