សារព័ត៌មានវៀតណាមចុះផ្សាយថា​ វៀតណាមក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានៅអាស៊ាន
សេដ្ឋកិច្ច July 10, 2023 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានចំនួនជិត ៥០% នៃចំនួនសរុបរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៣។

សារព័ត៌មានដដែលបានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ២.៨ ពាន់លានដុល្លារ កើនឡើងជិត ៣% ធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ១,៣ ពាន់លានដុល្លារទៅកាន់ និងនាំចូលទំនិញសរុបជាង ១,៥ ពាន់លានដុល្លារពីប្រទេសវៀតណាម។

ជាមួយនឹងកំណើនពាណិជ្ជកម្មជាវិជ្ជមានបែបនេះ វៀតណាមមិនត្រឹមតែជាប្រទេសធំជាងគេក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។ គួរបញ្ជាក់ផងដែរថា កំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម ត្រូវបានជំរុញជាចម្បងដោយការនាំចេញកសិផលកាន់តែខ្ពស់ ដោយសារការកើនឡើងនៃការប្រមូលផល។ ការនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ។ ទន្ទឹមនឹងនោះ ការនាំចូលសំខាន់ៗពីប្រទេសវៀតណាម រួមមាន សម្ភារៈសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច ជី គ្រឿងទេស បន្លែ និងផ្លែឈើ៕

អត្ថបទ៖ លីនី