តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុន ១៧៥ មកពីចិន អាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន កំពុងដំណើរការ និងបង្កើតការងារដល់ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់
សេដ្ឋកិច្ច July 8, 2023 Khmernote

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុន សហគ្រាសចំនួន ១៧៥ក្រុមហ៊ុន ហើយកំពុងដំណើរការ ក្នុងនោះ ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេស ចិន និង ៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន

យោងតាម ក្រសួងព័ត៌មាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់ រវាង ចិននិងកម្ពុជា ក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើន ម៉ឺននាក់។

លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាបន្ស៊ាំគ្នាយ៉ាងខ្លាំង។ ក្នុងនាមជា គម្រោងកិច្ចសហប្រតិបត្តិការសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការ កសាងសហគមន៍ ជោគវាសនាកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី ។

កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua )អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះ សីហនុម្នាក់ទៀតបានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានសហគ្រាសនិងអង្គភាពចំនួន១៧៥ដែលមកពីប្រទេសចិន អឺរ៉ុប និង អាមេរិក និងអាស៊ីអាគ្នេយ៍ជាដើម ហើយបានផ្តល់ឱកាសការងារចំនួនជិត៣ម៉ឺននាក់ជូនប្រជាជនកម្ពុជា។

« ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំមានផ្ទៃដីប្រហែល១១១៣ហិកតា។ បច្ចុប្បន្នយើងបាន អភិវឌ្ឍ បានជិត៦០០ហិកតាហើយ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុន សហគ្រាសចំនួន១៧៥ក្រុមហ៊ុន ហើយកំពុងដំណើរការ ក្នុងនោះ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេស ចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់ »។

គួររម្លឹកថាកាលពីឆ្នាំ២០១៦ មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងអត្ថបទ ដែលចុះផ្សាយនៅប្រព័ន្ធសារព័ត៌មានកម្ពុជា ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ”ខ្សែក្រវាត់និងផ្លូវ” លើកទី២ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃសមិទ្ធផលដ៏ធំធេង ក្នុងកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។ ក្រៅពីនេះតាំងពីឆ្នាំ២០០៨មក តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពន្លឿនការកសាងឥតឈប់ឈរ ដែលបានក្លាយទៅជាតំបន់ សេដ្ឋកិច្ចពិសេសអន្តរជាតិរបស់កម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញទាំងផ្នែកផលិតកម្ម និង ជីវភាពរស់នៅ៕

ប្រភព​៖ ក្រសួងព័ត៌មាន