ធនាគារជាតិនៃកម្ពុជា ព្យាករថា អតិផរណារបស់កម្ពុជានៅឆ្នាំនេះ នឹងចុះក្រោម ៥ភាគរយ
សេដ្ឋកិច្ច July 6, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា ព្យាករថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ឬហៅថា «អតិផរណា»របស់កម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ស្ថិតក្នុងរង្វង់២ ភាគរយ បន្ទាប់ពីឆ្នាំ២០២២កន្លង ទៅឡើងដល់៥,៤ភាគរយ ក្រោមឥទ្ធិពលការរីករាលដាលជំងឺកូវីដ- ១៩ គួបផ្សំនឹងបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងបញ្ហាដុល្លារូបនីយកម្ម ដែលនាំដល់ការឡើងថ្លៃម្ហូបអាហារ និងក្រុមទំនិញ និងសេវាពាក់ព័ន្ធប្រេងឥន្ធនៈ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅថ្ងៃទី៦ ខែ កក្កដានេះ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃ កម្ពុជា បានបញ្ជាក់ថា ការធ្លាក់ចុះសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់ យ៉ាងនេះ ដោយសារកម្ពុជារក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ គួបផ្សំកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ ដែលស្មើនឹង៧ខែនៃការនាំចូលទំនិញ និងសេវា សម្រាប់គ្រាបន្ទាប់ ។ ការណ៍នេះ បានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន និងសាធារណជន មកលើសេដ្ឋកិច្ចរបស់កម្ពុជាដែលរំពឹងថា នៅឆ្នាំ២០២៣នេះ នឹងកើន ឡើងក្នុងរង្វង់៥,៥ភាគរយ ខណៈប្រព័ន្ធធនាគារបន្តរក្សាបានស្ថិរភាពរឹងមាំ និងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងបានផ្តល់ឥណទានទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច ព្រមទាំងការរក្សាបាននូវភាពធន់ទល់នឹងវិបត្តិជំងឺកូវីដ១៩ ជាមួយការឆ្លើយតបគ្រប់ គ្រាន់ចំពោះតម្រូវការហិរញ្ញប្បទានសេដ្ឋកិច្ច ក្នុងដំណាក់កាលងើប ឡើងវិញ។

សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២២កន្លងទៅនេះ សម្រេចបានក្នុងអត្រា៥,២ ភាគរយ បើទោះជាអត្រាអតិផរណាបានកើនឡើងដល់៥,៤ភាគរយ ក៏ដោយ។ លោកជំទាវ ជា សិរី មានប្រសាសន៍ថា ថ្វីត្បិតរូបិយបណ្ណនានា បានធ្លាក់ ចុះថ្លៃខ្លាំងធៀបទៅនឹងប្រាក់ដុល្លារអាម៉េរិក ក្រោមឥទ្ធិពលនៃការកើន ឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាម៉េរិកក៏ដោយ ក៏អត្រាប្តូរប្រាក់រៀលកម្ពុជាធៀបទៅនឹងប្រាក់ដុល្លារអាម៉េរិក នៅតែបន្តរក្សាស្ថិរភាព ដោយប្រែប្រួលក្នុងរង្វង់១ ភាគរយប៉ុណ្ណោះ ដែលការណ៍នេះ បានរួមចំណែកកាត់បន្ថយសម្ពាធអតិផរណា។ ទោះយ៉ាងនេះក្តី លោកជំទាវ ថា សេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមនឹងហានិភ័យចម្បងមួយចំនួនដូចជា៖ ការកើនឡើងនៃភាពតានតឹងភូមិ សាស្ត្រនយោបាយ, ការថយចុះយឺតនៃអត្រាអតិផរណាសកល ដែលអាចនាំឱ្យមានការបន្តរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិបន្ថែមទៀត, ការបន្តឡើងថ្លៃប្រាក់ដុល្លារអាម៉េរិកនៅលើទីផ្សារអន្តរជាតិ,ការអូសបន្លាយបញ្ហាក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបន្ថយរំហូរវិនិយោគចេញពីប្រទេសចិន និងការប្រែប្រួលអាកាសធាតុ ជាដើម។ ហានិភ័យទាំងអស់នេះ អាចបង្កជាផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា តាមរយៈការថយចុះនៃការនាំចេញ និងរំហូរវិនិយោគមកកាន់កម្ពុជា និងការកើនឡើងសម្ពាធមកលើអត្រាប្ដូរប្រាក់រៀល និងផ្លែទំនិញនិងសេវា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជា ក៏ប្រឈមនឹងហានិភ័យមួយចំនួនផងដែរ ដូចជាការកើនឡើងអត្រាការប្រាក់ និងការកើនឡើងសម្ពាធបំណុល ដែលនាំឱ្យក្រុមគ្រួសារ និងក្រុមហ៊ុន សហគ្រាស ធ្លាក់ចុះគុណភាពទទួលបានឥណទាន៕

ប្រភព៖ ក្រសួងព័ត៌មាន