ថៃ ជឿជាក់ថានឹងវ៉ាដាច់វៀតណាមកា្លយជាអ្នកនាំចេញអង្ករធំជាងគេទីពីរលើលោកនៅឆ្នាំនេះ ខណៈត្រឹម ៤ខែដំបូងអាចនាំចេញអង្ករបានជាង ២លានតោន
សេដ្ឋកិច្ច June 30, 2023 Khmernote

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃកំពុងឆ្ពោះទៅដណ្ដើមតំណែងវៀតណាម ជាអ្នកនាំចេញអង្ករធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីការនាំចេញអង្កររបស់ខ្លួនក្នុងរយៈពេល ៤ខែដំបូងបានកើនឡើងដល់ ២.៦២ លានតោន។

តួលេខនៃការនាំចេញខាងលើនេះ តំណាងឱ្យការកើនឡើង​ ១៤.៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរដ្ឋាភិបាលឥឡូវនេះបានប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបនៅឆ្នាំ២០២៣ នឹងលើសពី ៨លានតោន ហើយលើសពីចំនួនសរុបកាលពីឆ្នាំមុនដែលមានចំនួន ៧.៦៩ លានតោន ដែលកាលនោះធ្វើអោយប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទីបីក្នុងចំណោមអ្នកចេញនាំអង្ករធំជាងគេលើពិភពលោក នៅពីក្រោយប្រទេសឥណ្ឌា និងវៀតណាម។ គួរបញ្ជាក់ផងដែរថា អ្នកនាំចូលអង្ករថៃច្រើនជាងគេ​កាល​ពី​ឆ្នាំ​មុន​រួមមាន​ ​អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី អាហ្វ្រិក​ខាង​ត្បូង អាមេរិក និង​ចិន៕

អត្ថបទ៖ លីនី