យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោកបណ្ឌិត LEE JOON KEUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី (BOOYOUNG KHMER II Co.,Ltd) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បញ្ជាក់ពី ការដែលក្រុមហ៊ុនផ្តល់ជាអំណោយនូវរថយន្តក្រុង ប្រភេទថ្មី ចំនួន១ ០០០គ្រឿង ជូនរាជរដ្ឋាភិបាលកម្ពុជា។
ជាអំណោយជូនដល់រាជរដ្ឋាភិបាលកម្ពុជា, ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រផលិតរថយន្តដោយផ្ទាល់ នូវរថយន្តក្រុង ប្រភេទថ្មី ដែលមានលេខម៉ូដែល JMMC Co-star bus 6M (Model JX6602VD) ចំនួន ១ ០០០ គ្រឿង ដោយការផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាជា ០៣ ដំណាក់កាលគឺ៖ ក្នុងឆ្នាំ២០២៣ នូវរថយន្តចំនួន ៤០០ គ្រឿង, ក្នុងឆ្នាំ ២០២៤ រថយន្តចំនួន ៣០០ គ្រឿង និងក្នុងឆ្នាំ ២០២៥ ចំនួន ៣០០ គ្រឿង។
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាតេជោ នាយករដ្ឋមន្ត្រី, រថយន្តក្រុងទាំងនេះ នឹងត្រូវបែងចែកបន្តជូនទៅគ្រប់រដ្ឋបាលរាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរដ្ឋបាលរាជធានី-ខេត្ត រៀបចំជាយន្តការក្នុងការផ្តល់ “សេវាដឹកជញ្ជូនសាធារណៈ” ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរាជធានី-ខេត្ត ។ ក្រុមការងារអន្តរក្រសួងសម្រាប់សម្របសម្រួលក្នុងការអនុវត្តគម្រោងនេះ បាន និងកំពុងរៀបចំនីតិវិធី និងយន្តការក្នុងសម្របសម្រួល ទទួល គ្រប់គ្រង និងចាត់ចែងរថយន្ត ព្រមទាំង រៀបចំ “យន្តការផ្តល់សេវាដឹកជញ្ជូនសាធារណៈ” ជូនប្រជាជននៅតាមមូលដ្ឋាន យន្តការទុកដាក់ ថែទាំ និងជួសជុលរថយន្ត នៅពេលដែលពេលរថយន្តមកដល់កម្ពុជាក៏ដូចជា ពេលទទួលបានរថយន្តទៅប្រើប្រាស់ តាមរដ្ឋបាលរាជធានី ខេត្ត ដោយអាចយកតាមបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ឬតាមជម្រើសសមស្របផ្សេងទៀត ។
ជាមួយនឹងការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ទុនវិនិយោគទុនឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រុមហ៊ុន BOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានមកដាក់ទុនវិនិយោគលើវិស័យជាច្រើន ចាត់តាំងពីឆ្នាំ ២០០៧ មក ដូចជាលើផ្នែកអលនវត្ថុ, ខុនដូ, បុរី, សណ្ឋាគារ, តារាងវាយកូនគោល, សេវាទូរគមនាគមន៍, សាលារៀន, សាកលវិទ្យាល័យ និងធនាគារ ជាដើម ។ ក្រុមហ៊ុន ក៏បានចូលរួមឧបត្ថម្ភដល់កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមជាច្រើននៅកម្ពុជា ដូចជា សាងសង់សាលារៀនចំនួន ៣០០ ខ្នង, ឧបត្ថម្ភរថយន្តក្រុង ចំនួន ២០០ គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ និងចូលរួមកិច្ចការមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ជាច្រើនទៀត៕


ប្រភព៖ ក្រសួងព័ត៌មាន


