សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ គ្រោងទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥ពាន់តោន នៅឆ្នាំក្រោយ
សេដ្ឋកិច្ច June 29, 2023 Khmernote

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ កំពុងគ្រោងទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥០០០តោន នៅឆ្នាំ២០២៤​ ដើម្បីពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ។

នៅក្នុងឱកាស ទស្សនកិច្ចស្វែងយល់ពីសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខាងលើត្រៀមដាក់ចេញផែនការបង្កើនការប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥០០០តោន នៅឆ្នាំ២០២៤ ដើម្បីកែច្នៃ និងចែកចាយលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ម្ចាស់សិប្បកម្មកំពុងត្រៀមរៀបចំពង្រីករោងសិប្បកម្មដែលមានសមត្ថភាពកែច្នៃកាន់តែខ្ពស់បន្ថែមទៀត នៅឆ្នាំ២០២៣នេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ។

ទន្ទឹមនឹងនេះដែរ ពាក់ព័ន្ធនឹងកិច្ចការនេះ ឯកឧត្តមរដ្ឋមន្រ្តី ណែនាំឱ្យម្ចាស់សិប្បកម្មរិះរកមធ្យោបាយបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក ដែលមានប្រមាណ ២០ភាគរយ និងកែខៃម៉ាស៊ីន ឬសាកល្បងប្រើប្រាស់ឧបករណ៍បកណា ដែលអាចកាត់បន្ថយអត្រាខូចនេះ ឱ្យមានកម្រិតមួយទាប ដើម្បីបង្កើនប្រាក់ចំណេញបន្ថែមទៀត។

គួររំឭកផងដែរថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដោយសម្ដេចគូសបញ្ជាក់ថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយចំនួន១លាន១សែន៨ម៉ឺនតោនក្នុងឆ្នាំ២០២១ ដោយនាំមុខប្រទេសកូតឌឺវ័រ ដែលផលិតបាន១លាន១សែនតោន និងប្រទេសឥណ្ឌាផលិតបានន៨សែនតោន៕

អត្ថបទ៖ លីនី