ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន ៦ ក្រោមទុនជាង ១៦៣លានដុល្លារ មានទាំង រោងចក្រផលិតសំបកកង់ឡាន និងគ្រឿងអលង្ការ
សេដ្ឋកិច្ច June 23, 2023 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មី ៦បន្ថែមទៀត សរុបទុនវិនិយោគជាង ១៦៣ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋជាង ៣ពាន់កន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដែលគម្រោងវិនិយោគតាំងនៅ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “NEWBUSTAR (CAMBODIA) TIRE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, ក្នុងទុនវិនិយោគប្រមាណ ១៣៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៥កន្លែង។

២- “METAL JEWELRY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលំអផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣៤ កន្លែង។

៣- “RONGDASHENG INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង អំពូលលំអ និងផលិតជើងទម្រគ្រប់ប្រភេទសម្រាប់ដាក់តាំងលំអអំពូលភ្លើង ការតុបតែងតាមផ្ទះនិងសួនច្បារ ផលិតផលប្លាស្ទីក និងសម្ភារបរិក្ខារអេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។

៤- “TG-BROTHER ELECTRONIC LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលំអ ផលិតផលប្លាស្ទិក ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥៤ កន្លែង។

៥- “SINICE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវទឹក ថ្នាំលាប ទឹកថ្នាំបោះពុម្ព និងសាធាតុគីមីដទៃទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤ កន្លែង។

៦- “BOXU CRAFTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ សម្ភារៈលំអក្នុងផ្នះ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៩ កន្លែង។