កំពង់ផែដងទង់ សង់ដោយស្នាដៃកូនខ្មែរ តម្លៃជាងដប់ពីរពាន់លានរៀល ត្រូវបាន​សម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
សេដ្ឋកិច្ច June 23, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កំពង់ផែដងទង់ ដែលស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែល​​​ជាផ្នែកមួយ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូន​តាម​ផ្លូវសមុទ្រ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន។ នេះបើតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចេញផ្សាយនាព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។

​បើតាមក្រសួងសាធារណការបានឱ្យដឹងថា​ កំពង់ផែដងទង់ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើត​ចេញពី​ស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេក​ទេស​ត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង និងសាងសង់ដោយថវិកាជាតិ​សរុប​ប្រមាណ ១២ ៨៩៧ ០០០ ០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរ​លាន​រៀល​គត់)។

គម្រោងសាងសង់ត្រូវបានចែកចេញជា២ជំហាន សរុបកំពង់ផែមានបណ្តោយ​ប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែល​មានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២ ០០០ តោន អាចចូលចតបាន។ ក្រៅពី​សំណង់​កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មាន​បញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុង​ចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និង​ខ្លោងទ្វារ ជាដើម។ កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយ​ក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរ​ទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកប​ដោយ​បរិយា​បន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោល​បំណង​សម្រួល​ការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកប​ដោយសុវត្ថិភាព និងប្រសិទ្ធិភាព។

បន្ថែមពីលើកំពង់ផែ ដែលបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ខេត្តកោះកុង នឹងទទួលបានសមិទ្ធផលធំៗជាចំណងដៃ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នោះគឺ ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ តភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិ​លេខ៤ និងផ្លូវជាតិលេខ១០ មានប្រវែងជាង ១៩៨ គីឡូម៉ែត្រ តភ្ជាប់ខេត្តកោះកុង ទៅកាន់​ខេត្តពោធិសាត់ និង បន្តដល់ខេត្តបាត់ដំបង។

​ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូនបានមានប្រសាសន៍អំពីគម្រោងធំៗជាច្រើន ដែលក្រសួងសាធារ​ណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្ត ក៏ដូចជាគ្រោងនឹងសិក្សា ក្នុងនោះបានរំលេច​ជាពិសេស​អំពីគម្រោងលើកកម្រិតផ្លូវជាតិ ផ្លូវខេត្ត គម្រោងផ្លូវល្បឿនលឿន រថភ្លើងល្បឿន​លឿន រថភ្លើងក្រោមដី និងលើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការ​តភ្ជាប់អន្តរ​វិស័យ៕

ប្រភព៖ ក្រសួងព័ត៌មាន