យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ហើយប្រជាពលរដ្ឋមានជីវភាពធូរធា តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។
ការលើកឡើងបែបនេះ ខណៈឯកឧត្តមដែលអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស្បែកជើង(អលវិនស៊ូ ខេមបូឌា) ដែលមានទីតាំង ស្ថិតនៅភូមិរោងគោ ឃុំ សំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិតបានរំលឹកថា នាសម័យខ្មែរក្រហម ប្រជាពលរដ្ឋគ្មានឱកាសប្រកបរបរ ទទួលទានធ្វើឱ្យជីវភាពក្រីក្រយ៉ាងខ្លាំង។ តែក្រោមការនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ដឹកនាំមកនូវ សុខសន្តិភាព និងស្ថិរភាពផ្នែកនយោបាយពេញលេញជូនប្រទេសជាតិ បានធ្វើឱ្យមានការ អភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃ ផ្តើមចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះដែរ ក៏បានធ្វើឱ្យអ្នកវិនិយោគធំៗនៅបណ្តាប្រទេសមួយចំនួន បានមកបណ្តាក់ ទុនរកស៊ីដោយទំនុកចិត្ត និងជឿជាក់លើគោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានរោងចក្រ សហគ្រាសចំនួន ៣៨៥កន្លែង មានកម្មករជាង១៥ម៉ឺន៥ពាន់នាក់ ក្នុងនោះវិស័យកាត់ដេរមានចំនួន១៩១កន្លែង មានកម្មករសរុបជាង១៤ម៉ឺន៥ពាន់នាក់។ ចំណូលជាមធ្យម ៤០លានដុល្លារ ក្នុងមួយខែ និង៤៨១លានដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តមថា ផ្ដើមចេញពីការងារ និងប្រាក់ចំណូលនេះ បានធ្វើឱ្យជីវភាពរបស់ បងប្អូនកម្មករ កម្មការិនី នៅក្នុងខេត្តមានភាពធូរធារសម្បូរសប្បាយ ហើយខេត្តក៏លែងទទួល ការមាក់ងាយដូចមុន បានក្លាយទៅជាខេត្តស៊ីវិល័យ ស្មើមុខស្មើមាត់ ថែមទាំងរីក ចម្រើនផងដែរ។ ដូច្នេះដើម្បីឱ្យប្រទេសជាតិ និងខេត្តកំពង់ស្ពឺកាន់តែមានការរីកចម្រើន លើគ្រប់វិស័យ សម្បូរសប្បាយរុងរឿងជាងនេះបន្តទៀត សូមបងប្អូនចូលរួមថែរក្សាសុខ សន្តិភាពឱ្យបានគង់វង្ស និងនាំគ្នាទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណា ដែលបងប្អូនគិតថាបានរួមសុខរួមទុក្ខ និងអាចដឹកនាំប្រទេសឱ្យរីកចម្រើនបន្តទៀតឱ្យបានគ្រប់ៗគ្នា៕


ប្រភព៖ ក្រសួងព័ត៌មាន


