យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែតកំពុងអនុវត្តន៍គម្រោងទីក្រុងគួរឲ្យចង់រស់នៅដែលគម្រោងនេះចំណាយទឹកប្រាក់ ៧៨លានដុល្លារក្នុងការអភិវឌ្ឍក្រុងប៉ោយប៉ែតឲ្យស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលឆ្លងកាត់ទៅមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរាជរដ្ឋាភិបាលបានគូសរំលេចនូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធក្នុងការអភិវឌ្ឍទីក្រុង ដែលរួមមាន៖ទី១:ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។ ទី២: ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រង, ប្រតិបត្តិការ និងថែទាំ សមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។
លោកបន្តថា ជាក់ស្តែងសម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែតក៏ទទួលបានគម្រោងថ្នាក់ជាតិមួយ គឺ “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ហើយនៅក្នុងគម្រោងនេះដែរគឺមាន គោលដៅធំៗ ៤ក្នុងការអភិវឌ្ឍក្រុងទី១ គឺអភិវឌ្ឍន៍ប្រព័ន្ធលូ,ទី២ គម្រោងធ្វើផ្លូវ,ទី៣ ធ្វើទីលានចាក់ សំរាម និងទី៤ គម្រោងចម្រោះទឹកកខ្វក់ ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយបានរំដោះជំនន់ទឹក ភ្លៀងមិនឲ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។
“គម្រោងនេះយើងចាប់ផ្ដើមធ្វើបានមួយគម្រោងហើយគឺប្រព័ន្ធទឹកសម្រាប់កាត់បន្ថយជំនន់ទឹក ភ្លៀងខាងជើងផ្លូវជាតិបានន័យថាពេលភ្លៀងមកអស់កាត់ផ្លូវជាតិលេខ ៥ធ្លាក់ទៅអូរព្រំដែននេះ។
គម្រោងនេះបានធ្វើខ្លះហើយតែនៅមានគម្រោងបន្តទៀតដូចជាគម្រោងចម្រោះទឹកក៏កខ្វក់និងប្រព័ន្ធលូដែលអូសកណ្ដាលដើម្បីងាយទាញទឹក។ជាក់ស្ដែងឃើញថាភ្លៀងមួយរយៈនេះគឺមានជំនន់ទឹកភ្លៀងកើនឡើងតែយ៉ាងណាក៏ក្រុមការងារក្រុងនិងសង្កាត់មមាញឹកដោយមានក្រុមស្ដារលូនិងធ្វើអន្តរាគមន៍ផ្សេងៗក្នុងការធ្វើការងារនេះដោយក្នុងមួយថ្ងៃគឺយើងរំដោះទឹកឲ្យចេញពីទីក្រុងអស់”។
លោកអភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ការកសាងទីក្រុងគួរឲ្យចង់រស់នៅជានិន្នាការមួយដែលបាននិងកំពុងរៀបចំហើយមានការអនុវត្តពាសពេញពិភពលោកដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលមានភាពធន់និងប្រកបដោយចីរភាព៕




ប្រភព៖ ក្រសួងព័ត៌មាន


