ឯកឧត្តម ថោង ខុន បង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដល់រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួម
ទេសចរណ៍ June 9, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលវិស័យទេស ចរណ៍ និងឱកាសវិនិយោគក្នុងវិស័យនេះ ដល់ឯកឧត្តម ថានីប៊ីន អាម៉េដ អាល់ ហ្សេយូឌី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។​នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញ ចំណាប់អារម្មណ៍ នៃការរីកចម្រើននៅប្រទេសកម្ពុជា និងចង់ឈ្វេងយល់ពីវិស័យទេសចរណ៍ នៅកម្ពុជាផងដែរ។

​ឯកឧត្តម ថោង ខុន បានជម្រាបដល់ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត អារ៉ាប់រួមថា កម្ពុជាមានឱកាសវិនិយោគច្រើន ពិសេសលើវិស័យទេសចរណ៍ ដែលកំពុង ត្រូវការការអភិវឌ្ឍបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីរួមចំណែកក្នុងគោល នយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម ពិសេសរាជរដ្ឋាភិបាលកម្ពុជាមាន ការលើកទឹកចិត្តខ្ពស់ដល់អ្នកវិនិយោគគ្រប់គ្នា។​ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ភាគីអេមីរ៉ាតអារ៉ាប់រួម អាចទំនាក់ទំនងជាមួយ ស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំទីក្រុងឌូបៃ ដើម្បីទទួលបានព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងកម្ពុជា ការដឹកនាំរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ការវិនិយោគ និងសក្ដានុពលវិស័យទេសចរណ៍។

​ឯកឧត្តម បានបន្តទៀតថា នៅប្រទេសកម្ពុជាកំពុងមានអភិវឌ្ឍលើគ្រប់វិស័យ មានសុខសន្តិភាព ស្ថិរភាព មានការអភវិឌ្ឍហេដ្ឋារចនាសម្ពន្ធ ទីក្រុង ផ្លូវល្បឿនលឿន ដែលអាចឱ្យអ្នកវិនិយោគមើលឃើញពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាបាន។​ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យលោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួមសូមជួយជំរុញ ឱ្យមានការហោះត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Emirates ពីឌូបៃមកកម្ពុជាឡើងវិញ ដើម្បីកំណើនទេសចរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមមក កាន់កម្ពុជាបន្ថែមទៀត និងជួយសហការជំរុញការចុះអនុស្សរណៈយោគយល់ ស្ដីពីកិច្ចសហប្រត្តិការលើវិស័យទេសចរណ៍ឡើងវិញ ដែលធ្លាប់បានចុះហត្ថលេខាកាល ពីឆ្នាំ២០១២ហើយ ដែលបច្ចប្បន្នបានអស់សុពលភាព។​

គួរជម្រាបថា កន្លងមក រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម មានការតភ្ជាប់ជើងហោះហើរ ឌូបៃ-យ៉ាងហ្គូន-ភ្នំពេញ ដែលជាមធ្យោបាយសម្រាប់ការធ្វើដំណើររបស់ទេសចរ ទៅមកប្រទេសទាំងពីរ និងទាក់ទាញរំហូរទេសចរប្រទេសទី៣ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន