សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអេមីរ៉ាត​អា​រ៉ាប់​រួម ធ្វើការវិនិយោគបើករោងចក្រប្រមូលទិញ កែច្នៃ នាំចេញអង្ករ ស្វាយចន្ទី និងដំឡូងមីរបស់កម្ពុជា ដោយសារប្រទេសនេះមានជំនាញខ្លាំងលើការកែច្នៃកសិផល
សេដ្ឋកិច្ច June 9, 2023 Khmernote

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអេមីរ៉ាត​អា​រ៉ាប់​រួម ធ្វើការវិនិយោគបើករោងចក្រប្រមូលទិញ កែច្នៃ នាំចេញអង្ករ ស្វាយចន្ទី និងដំឡូងមីរបស់កម្ពុជា ដោយសារតែប្រទេសនេះ មានជំនាញខ្លាំងលើការកែច្នៃកសិផល។ សម្ដេចបានលើកឡើងពីការស្នើសុំទៅអេមីរ៉ាត​អា​រ៉ាប់​រួម នៅក្នុងឱកាសដែលសម្តេចអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អេមីរ៉ាតអារ៉ាប់រួម គេមានលទ្ធភាពលើការកែច្នៃខ្លាំងណាស់ អីចឹងទេសុំឲ្យមកវិនិយោគកែច្នៃលើបញ្ហាបី ទី១៖ យើងសល់ស្រូវក្នុង ១ឆ្នាំប្រមាណជាង ៦លានតោន ក្នុងពេលដែលយើងខ្វះម៉ាស៉ីនកិនស្រូវ ខ្វះឃ្លាំងស្តុក និងប្រាក់ប្រមូលទិញ យើងចង់ឲ្យប្រទេសអេមីរ៉ាតអារ៉ាប់រួមចូលមកបង្កើតរោងចក្រកែច្នៃ ឃ្លាំងស្តុក និងប្រមូលទិញស្រូវ រួចហើយផ្គត់ផ្គង់ទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម ទៅតាមប្រភេទអង្ករដែលបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជនគាត់, ទី២៖ ឲ្យមកធ្វើការកែច្នៃ ដែលយើងមានវត្ថុធាតុដើមរហូតដល់ជាង ១លានតោន គឺស្វាយចន្ទី ព្រោះត្រូវផ្គត់ផ្គង់ដល់ទេសចរ ឬនាំចេញទៅប្រទេសផ្សេងៗ និងទី៣ ទាក់ទងទៅនឹងដំឡូមីដែលយើងនាំចេញរាប់សិបលានតោនក្នុង១ឆ្នាំៗ ដោយគ្មានការកែច្នៃ និងពិនិត្យមើលលទ្ធភាពនៃការវិនិយោគដទៃទៀត រាប់ទាំងវិស័យប្រេងកាត»។

សម្តេចជោ ហ៊ុន សែន បន្ថែមថា ដើម្បីទាក់ទាញបាននូវការវិនិយោគពីបរទេស ចាំបាច់កម្ពុជាត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ការវិនិយោគ ដូចជាផ្លូវដឹកជញ្ជូន កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី ទឹក និងកម្លាំងពលកម្ម ដែលមានជំនាញ៕

អត្ថបទ៖ ​លីនី