យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
មុននឹងអនុម័តទៅលើគម្រោងនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
ប្រភព៖ ក្រសួងព័ត៌មាន