សម្តេចតេជោ ស្នើសុំឱ្យនាយករដ្ឋមន្រ្តីវៀតណាមជួយសម្របសម្រួលកិច្ចការ ដែលកម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ
សេដ្ឋកិច្ច May 10, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យនាយករដ្ឋមន្រ្តីវៀតណាម ជួយសម្របសម្រួលកិច្ចការដែលកម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី តែត្រូវការឆ្លងកាត់ភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ។

ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលធ្វើជំនួបកំពូលជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម និយមវៀតណាម នារសៀលថ្ងៃទី ៩ ខែ ឧសភា ក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូន បាចូ សាធារ ណរដ្ឋឥណ្ឌូនេស៊ី ។

តាមអ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការ ណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀត ណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ីនិងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀត ណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។

តបតាមការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀត ណាម បានលើកឡើងថា ឯកឧត្តម បានទទួលនូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឱ្យក្រុមការងារជំនាញពិនិត្យទៅ លើកិច្ចការនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសវៀត ណាម បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនាពេលខាង មុខ៕

ប្រភព៖ ក្រសួងព័ត៌មាន