ខេត្ត-ក្រុង ទូទាំងប្រទេស នឹងមានរថយន្តក្រុងអគ្គិសនី (E Bus) ជា​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​សាធារណៈ​ ក្រោយ GGGI បញ្ជាក់ថាគម្រោងនេះអាចអនុវត្តបានគ្មានបញ្ហាចោទទេ
សេដ្ឋកិច្ច May 8, 2023 Khmernote

ខេត្ត-ក្រុង នៅទូទាំងប្រទេស នឹងមានសេវាដឹកជញ្ជូនរថយន្តក្រុងប្រភេទអគ្គិសនី (E Bus) នាពេលខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងនេះ កំពុងត្រូវបានសិក្សាបន្ថែម នេះបើយោងតាមការលើកឡើងរបស់ លោកបណ្ឌិត Frank Rijsberman អគ្គនាយក វិទ្យាស្ថានកំណើនបៃតងសកល (GGGI) នៅក្នុងជំនួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះ។

ជំនួបពិភាក្សានេះបានផ្តោតលើ កិច្ចសហប្រតិបត្តិការការងារកន្លងមករវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនិងវិទ្យាស្ថានកំណើនបៃតងសកល និងទិសដៅអនុវត្តបន្ត។ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ លោកបណ្ឌិតអគ្គនាយក GGGI បានជ្រាបពីគម្រោង ដែលវិទ្យាស្ថានកំពុងអនុវត្ត និងគម្រោងដែលគ្រោងនឹងអនុវត្ត នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺគម្រោងសិក្សាទាក់ទងនឹង ការដឹកជញ្ជូនបៃតង ការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ។

ចំពោះគម្រោងទាក់ទងនឹងការដឹកជញ្ជូនបៃតង ដែលជួយកាត់បន្ថយការបំភាយឧស្ម័ន GGGI ទើបបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពបឋម (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី(E-Bus) ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សាបន្ថែមផងដែរ ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។

ដោយឡែក ការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ GGGI នឹងនាំយកបច្ចេកវិទ្យាទំនើបក្នុងការប្រមូល និងគ្រប់គ្រងកាកសំណល់ ដែលមានសមត្ថភាពអាចអនុវត្តបានពី ១០០០ ទៅ ១០ ០០០ ខ្នងផ្ទះក្នុងមួយថ្ងៃផងដែរ៕

អត្ថបទ៖ លីនី