វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការនាំចេញផ្លែស្វាយទៅកូរ៉េខាងត្បូង
សេដ្ឋកិច្ច May 2, 2023 Khmernote

នាយកដ្ឋាននាំចូល-នាំចេញ ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានរាយការណ៍ថា វៀតណាមគឺជាអ្នកផ្គត់ផ្គង់ស្វាយធំទី ៣ របស់កូរ៉េខាងត្បូងក្នុងចំណោមប្រទេសនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។

ដោយដកស្រង់ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) នាយកដ្ឋានបានឱ្យដឹងថា ការនាំចូលស្វាយរបស់ប្រទេសកូរ៉េខាងត្បូងពីប្រទេសវៀតណាមក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣ បានឈានដល់ ៨,០០០តោន ដែលមានតម្លៃ ៣៦.៤លានដុល្លារ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី បរិមាណនេះធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបរិមាណធ្លាក់ចុះ ១៨% ខណៈចំណូលពីការនាំចេញធ្លាក់ចុះ១៩%។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនវៀតណាមមានឱកាសជាច្រើនក្នុងការនាំចេញផ្លែឈើទៅកាន់ប្រទេសកូរ៉េនាពេលខាងមុខ ប៉ុន្តែបើយោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ មានកត្តាមួយចំនួននឹងបន្តប៉ះពាល់ដល់ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសនេះ ដោយសារតែសេដ្ឋកិច្ចកូរ៉េប្រឈមនឹងសម្ពាធអតិផរណាដ៏ធំ និងការកើនឡើងអត្រាការប្រាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress