នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។
នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីដោះបំណុល ជប៉ុន បានផ្តល់ជាទំនិញសម្រាប់លក់ ដើម្បីកម្ពុជាបានលុយដោះបំណុល។ តែទំនិញដែលលក់បាននោះ ជប៉ុនមិនយកលុយត្រឡប់ទៅជប៉ុននោះទេ គឺទុកអភិវឌ្ឍន៍នៅកម្ពុជា។
សម្ដេចតេជោ បានមានប្រសាសន៍ថា៖ “ដើម្បីសងលុយជប៉ុនបាន ជប៉ុនផ្ដល់ទំនិញឱ្យមកកម្ពុជាជាស័ង្កសី ជាប្រេងសាំង ជាប្រេងកាត ជាទំនិញមួយចំនួន យកមកលក់នៅកម្ពុជា ដល់លក់បានហើយ គាត់អត់យកលុយហ្នឹងទៅជប៉ុនទេ គាត់យកលុយហ្នឹងទៅដាក់ក្នុងរតនាគាររបស់យើង ដល់ទៅយើងបានគ្រប់ យើងបានលុយហ្នឹងយកទៅសងជប៉ុន យើងយកលុយជប៉ុនសងទៅជប៉ុនវិញ “។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បាន អរគុណជប៉ុន ដែលមានវិធីដោះបំណុលរបស់រដ្ឋាភិបាលចាស់ៗ ដើម្បីផ្តល់លទ្ធភាពឱ្យកម្ពុជាទទួលបានកម្ចីថ្មីអភិវឌ្ឍន៍ប្រទេស។ ជប៉ុន ជាប្រទេសមួយជាអ្នកនាំមុខក្នុងការផ្តល់ជំនួយ និងកម្ចីសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា៕


អត្ថបទ៖ លីនី


