ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តស្វាយរៀង ផលិតស្រូវបានចំនួន ២.៨៣៩.៩២៩ តោន ក្នុងនោះបាននាំចេញទៅលក់នៅប្រទេសជិតខាងចំនួន ១.០៤២.៦០៥ តោន ហើយអតិរេកស្រូវដែលនៅសល់បម្រុងទុកជាស្បៀងអាហារចំនួន ១.៧៩៧.៣២៤ តោន។ នេះបើយោងតាមរបាយការណ៍ ស្ដីពីវឌ្ឍនភាព និងទិសដៅបន្តការងាររបស់រដ្ឋបាលខេត្តស្វាយរៀង (២០១៨-២០២២)។
នៅក្នុងរបាយការណ៍របស់រដ្ឋបាលបានបញ្ជាក់ថា វិស័យកសិកម្ម ជាវិស័យមួយដ៏សំខាន់ក្នុងចំណោមវិស័យអាទិភាពនានា នៅក្នុងខេត្តស្វាយរៀង ដែលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នៅទូទាំងខេត្ត មានផ្ទៃដីផលិតកម្មសរុប ២០៥.៤៧៦ ហិកតា ក្នុងនោះផ្ទៃដីផលិតកម្មដំណាំស្រូវ ១៨៨.០០០ ហិកតា (ស្រូវវស្សា ១៦៧.៥០០ ហិកតា និងស្រូវប្រាំង ២០.៥០០ហិកតា) និងដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្មសរុប ១៧.៤៧៦ ហិកតា (ដំណាំគ្រប់ប្រភេទ ៤.៣២៧ហិកតា និងផ្ទៃដីដំណាំកៅស៊ូជាលក្ខណៈគ្រួសារមានចំនួន ២.៣០២ហិកតា ផ្ទៃដីដំណាំអំពៅស្ករ ៤.៧៥៩ ហិកតា និងដំឡូងមី ៦.០៨៨ហិកតា)។
ជម្រាបជូនផងដែរថា ក្នុងរដូវវស្សាឆ្នាំ២០២២ កន្លងទៅនេះ សម្រេចបានលើការដាំដុះ និងប្រមូលផលលើផ្ទៃដីសរុប ១៦៥.៩២៤ ហិកតា ស្មើនឹង ៩៩.០៦% នៃផែនការ ១៦៧.៥០០ហិកតា ទិន្នផលសរុបជាមធ្យម ២.៩ តោន/ហិកតា និងបានដាំដំណាំរួមផ្សំ និងកសិឧស្សាហកម្ម លើផ្ទៃដីសរុប ៩.១៣៦ហិកតា ស្មើនឹង ៤៤.៣៥% នៃផែនការសរុប ២០.៦០០ហិកតា៕


អត្ថបទ៖ លីនី


