ដំណឹងល្អ! ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មីជូនប្រទេសកម្ពុជា
សេដ្ឋកិច្ច April 28, 2023 Khmernote

យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មីជូនប្រទេសកម្ពុជា ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងការងារ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា អះអាងថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ ហើយភាពខុសគ្នារវាង ប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។

ឯកឧត្តមឯកអគ្គរាជទូតបន្តថា ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។

ឯកឧត្តមឯកអគ្គរាជទូតបន្ថែមថា តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើន ក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផល កសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន៖ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។

ឯកឧត្តមឯកអគ្គរាជទូត បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍន៍កម្ពុជា ខាងការបណ្តុះបណ្តាលជំនាញ អេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅចក្រភពអង់គ្លេសគឺសម្បូរអ្នកជំនាញផ្នែកនេះ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល (AC) បានបង្កើតឡើង២៣ឆ្នាំមកហើយ ជាយន្តការមួយដែលជោគជ័យ និងឯករាជ្យ។ ប៉ុន្មានឆ្នាំនេះ ទំនាក់ទំនង វិជ្ជាជីវៈ កាន់តែមានភាពចាស់ទុំ គោរពច្បាប់ការងារកាន់តែល្អ ជម្លោះការងារកាន់តែល្អ ច្រើនជាងមុន។ តាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺលើកទឹកចិត្តឱ្យមានការដោះស្រាយ ក្រៅប្រព័ន្ធ តុលាការ។ មិនតែប៉ុណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេសគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខ ដើម្បីជំរុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ភាគីកម្ពុជា និងភាគីចក្រភពអង់គ្លេស បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនឈានឡើង សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

គួរបញ្ជាក់ថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេស បានបន្តកើនឡើង ជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង ៩៧៧ លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២៣.៩ភាគរយ ធៀបនឹងឆ្នាំ២០២១ ហើយទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្ត និងកាកសំណល់ឧស្សាហកម្ម សម្រាប់ផលិតចំណីសត្វ៕

ប្រភព៖ ក្រសួងព័ត៌មាន