កម្ពុជា និងបារាំងកំពុងពិភាក្សាគ្នាអំពីការនាំចូលផ្លែប៉ោមស្រស់ពីបារាំងមកកម្ពុជា និងការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសបារាំងវិញ។ ការពិភាក្សានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅនេះ ដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Emmanuel Ly-Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោកស្រី Marion Chaminade បានស្នើសុំឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសកម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ ដើម្បីអាចនាំចូលផ្លែប៉ោមស្រស់មកពីប្រទេសបារាំងបាន។ លោកស្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចរៀបចំឡើងឱ្យបានឆាប់រហ័ស និងមានការចែករំលែកព័ត៌មានឱ្យបានល្អ និងទាន់ពេលវេលា ហើយលោកស្រីនឹងអនុវត្តតាមអនុសាសន៍/ការណែនាំបន្ថែមរបស់កម្ពុជា ដើម្បីឱ្យដំណើរការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជាអាចសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ។
ជាកិច្ចឆ្លើយតប ឯកឧត្តមប្រតិភូ និងសហការី បានពន្យល់ជូនដោយសង្ខេបអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាតាមការស្នើសុំ ហើយអគ្គនាយកដ្ឋានកសិកម្ម នឹងផ្ញើជូនលោកស្រីនូវឯកសារលម្អិតអំពីលក្ខខណ្ឌទាំងនេះនៅពេលក្រោយ។ ឯកឧត្តម ងន ឆាយ បានស្នើឱ្យមានកិច្ចប្រជុំមួយដាច់ដោយឡែកជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដើម្បីពិភាក្សាលម្អិតបន្ថែមអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញមុនទទួលបានការអនុញ្ញាតនាំចូល។
ជាមួយគ្នានេះដែរ នៅក្នងជំនួបនោះ អគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងពីបំណងនៃការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបរទេស ជាពិសេស ទីផ្សារអឺរ៉ុប ដោយឯកឧត្តម ងិន ឆាយ បានស្នើឱ្យលោកស្រី Marion Chaminade បញ្ជាក់អំពីលក្ខខណ្ឌដែលត្រូវបំពេញសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសបារាំង។
ឆ្លើយតបទៅនឹងសំណើនេះ លោកស្រីបានពន្យល់ដោយសង្ខេបថា ការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺដំណើរការតាមនីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀត ហើយដើម្បីអាចនាំចេញទៅកាន់ទីផ្សារនៅប្រទេសបារាំងបាន កសិផលទាំងនោះត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម មានវិញ្ញាបនប័ត្រភូតគាមអនាម័យ មានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា និងសេចក្តីជូនដំណឹងស្តីពីការពុំមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (មានភ្ជាប់ជាមួយនូវសត្វល្អិតចង្រៃហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើសកម្រិតអនុញ្ញាត)។ល។ លក្ខខណ្ឌតម្រូវលម្អិត លោកស្រីនឹងផ្ញើជូនអគ្គនាយកដ្ឋានកសិកម្មនៅពេលក្រោយ។
ក្រៅពីគោលបំណងខាងលើ ឯកឧត្តម ងិន ឆាយ បានស្នើឱ្យលោកស្រី Marion Chaminade ពិចារណាអំពីការផ្តួចផ្តើមបង្កើតគម្រោងផលិតកម្មដំណាំកសិកម្ម (ផ្តោតសំខាន់ទៅលើដំណាំស្រូវ) ដែលធ្វើឱ្យមានការសាយភាយឧស្ម័នក្នុងបរិមាណតិចតួចបំផុត។ នៅក្នុងគម្រោងនេះដែរ ឯកឧត្តម ស្នើឱ្យមានការសិក្សាទៅលើវិធីសាស្ត្រដើម្បីវាស់ស្ទង់ពីកម្រិតបំភាយនៃឧស្ម័នផ្ទះកញ្ចក់ រួមទាំង មេតាន ឧស្ម័នកាបូនិច និងកាបូន។ វត្តមាននៃគម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកស្រី Marion Chaminade នឹងពិចារណាចំពោះសំណើនេះ៕



អត្ថបទ៖ លីនី


