ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា បច្ចុប្បន្ន ក្រសួងសាធារណការ កំពុងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធដើម្បីសិក្សាបិទការនាំចូលរថយន្តមួយទឹក ដោយកំណត់អាយុកាល
សេដ្ឋកិច្ច April 21, 2023 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បច្ចុប្បន្ន ក្រសួងសាធារណការ បាននឹងកំពុងពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំពិនិត្យក្នុងការបិទការនាំចូលរថយន្តមួយទឹក ដោយកំណត់អាយុកាល។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសនៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែតនាព្រឹកថ្ងៃទី ២១ មេសា ២០២៣។

នៅក្នុងកិច្ចសម្ភាស ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់បណ្ដាញសារព័ត៌មានថា៖ «បច្ចុប្បន្ន ក្រសួងសាធារណការ បាននឹងកំពុងពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំពិនិត្យមើលថាតើ ឡានមួយទឹកអាយុប៉ុន្មាន ឬ ចាស់ជាង យើងមិនអនុញ្ញាតឱ្យនាំចូលទេ។ ឥឡូវកំពុងពិភាក្សាគ្នា ថាតើ ១០ឆ្នាំ ឬ ១៥ឆ្នាំ ឬ ៧ឆ្នាំ ដែលត្រូវហាមឃាត់មិនឱ្យនាំចូល» ។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ឡានអគ្គិសនី ដោយសារថ្មីហើយមានតម្លៃថោកជាងឡានមួយទឹកទៀតផង។ សូមបញ្ជាក់ផងដែរ យោងតាមឯកឧត្តមការលើកឡើងរបស់ឯកឧត្តម ក្នុងមួយឆ្នាំៗ រថយន្តអគ្គិសនីមានការកើនឡើងច្រើន ហើយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មាន​ស្ថានីយ៍សាកថ្មរថយន្តប្រមាណ ១៣កន្លែងរួចមកហើយ៕

(រូបតំណាង)

អត្ថបទ៖ លីនី