គម្រោងស្ពានបេតុងឫស្សីកែវ ត្រូវបានវិនិយោគសាងសង់នៅពាក់កណ្ដាល់ឆ្នាំ ២០២១ ដែលមានប្រវែង ៩២២ ម៉ែត្រ ទទឹង២០.៥ម៉ែត្រ។
ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង១.២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀប នឹងកម្រាលស្ពានប្រវែង ៣៤ម៉ែត្រ បន្ថែមដោយរចនាបទទំនើបដែលមានសរសធំចំនួន ៤បង្គោល និងមានកំពស់រហូតដល់ ៤០ម៉ែត្រ ចំណាយអស់ទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារអាមេរិក។
ស្ពានបេតុងឫស្សីកែវដែលជាស្ពានខ្សែកាបទីមួយ ក្នុងទីក្រុងភ្នំពេញត្រូវបានគេប្រមាណថានឹងក្លាយជាសរសៃឈាម និងច្រកសេដ្ឋកិច្ច ដើម្បីលើកតម្កើនប្រជាប្រិយភាពក្នុងវិស័យអចលទ្រព្យ ការធ្វើចរាចរឆ្លងកាត់ទៅតំបន់ជ្រោយចង្វារកាន់តែងាយស្រួល កាត់បន្ថយគ្រោះថ្នាក់ ការកក់ស្ទះ និងជាពិសេសធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នេះ កាន់តែមានតម្លៃខ្ពស់ជាងមុន។
ស្ពាននេះបានដាក់ឱ្យដំណើរការនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួន ទទួលរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ និងជាម្ចាស់ផ្ទះកីទ្បាប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា «ស៊ីហ្គេម ២០២៣»។
ស្ពាននេះផ្សារភ្ចាប់ខណ្ឌធំៗចំនួនពីរ គឺ ខណ្ឌឫស្សីកែវ ផ្លូវជាតិលេខ៥ ដោយឆ្លងកាត់តាមរង្វង់មូលសុវណ្ណមច្ឆាក្នុងទីក្រុងជ្រោយចង្វារ (មហាវិថី OCIC) ទៅកាន់ផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។
គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ទៅលើស្ពានថ្មី និងទីក្រុងជ្រោយចង្វារ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា បានកែប្រែមុខមាត់នៃតំបន់នេះគួរឱ្យកាន់តែមានស្តង់ដារ លើកកំពស់សេដ្ឋកិច្ចជាតិ និងទាក់ទាញអ្នកវិនិយោគក្នុងវិស័យដីធ្លី និងអចលនទ្រព្យជាច្រើនងាកមកចាប់អារម្មណ៍តំបន់ជ្រោយចង្វារនេះ និងជាពិសេសតំបន់ជាប់ផ្លូវជាតិលេខ ៦ ច្រើនទ្បើងគួរឱ្យកត់សម្គាល់ ដែលមានគម្រោងរដ្ឋ និងឯកជនធំៗរីកស្គុសស្គាយ ៕ សម្រួលផ្សាយ៖ កន ចំណាន






ប្រភព៖ ក្រសួងព័ត៌មាន


