បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបប្រមាណ ៧០ម៉ឺនមូលដ្ឋាន
សេដ្ឋកិច្ច April 11, 2023 Khmernote

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ ៧០ម៉ឺនមូលដ្ឋាន។ សម្ដេចតេជោ មានប្រសាសន៍បែបនេះនៅក្នុងជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយក្រុមសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជានៅល្ងាចថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ បានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ ៧០ម៉ឺនមូលដ្ឋាន ស្មើនឹងជាង ៩០% ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧% ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ពាន់មូលដ្ឋាន។

សម្តេចតេជោមានប្រសាសន៍បន្តទៀតថា ក្នុងចំណោមយុវជនគោលដៅ១លាន ៥សែននាក់ ដែលនឹងត្រូវជ្រើសរើសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាចនឹងយកពីវិស័យសហគ្រាសធុនតូច និងមធ្យមប្រមាណ ១លាននាក់។

សូមជម្រាបជូនថា យោងតាមប្រសាសន៍ សម្ដេចតេជោ សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ លីនី