យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម យកចិត្តទុកដាក់ជំរុញការកែច្នៃ និងការនាំចេញផលិតផលកសិ-ឧស្សាហកម្ម របស់កម្ពុជា។
ក្នុងពិធីសំណេះសំណាល និងពីសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ព្រមទាំងអ្នកធ្វើធុរកិច្ច ប្រមាណជាង ៥០០០នាក់ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យខិតខំយកចិត្តទុកដាក់ជំរុញការកែច្នៃ ទៅលើផលិតផលដែលមានស្រាប់នៅក្នុងប្រទេស ជាពិសេសសម្រាប់សហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម ដែលពាក់ព័ន្ធនឹងការកែច្នៃចំណីអាហាររបស់កម្ពុជា។
ទន្ទឹមនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បាន ជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិឧស្សាហកម្ម ដែលកម្ពុជា មានទីផ្សារកាន់តែធំ ជាមួយនឹងកិច្ចព្រមព្រៀង «អាសិប» តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ និងតាមរយៈកិច្ចព្រមព្រៀងដែលទើបនឹងបញ្ចប់ការចរចាជាមួយប្រទេសអារ៉ាប់អេមីរ៉ាត់ និងយកចិត្តទុកដាក់ផងដែរ ជាមួយប្រទេសជិតខាង ដូចជា វៀតណាម ថៃ និងឡាវជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ផ្ដល់នូវទស្សនៈមួយចំនួន ដោយលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាព ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។ ជាមួយនេះសម្ដេចក៏លើកទឹកចិត្តឱ្យក្រសួង ស្ថាប័ន ខិតខំបន្ថែម ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ក៏ដូចជា ការកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច សំដៅជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការជាមួយក្រសួងពាណិជ្ជកម្ម សម្ព័ន្ធ សមាគមសហគ្រាស ធុនតូច និងមធ្យកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យនៅកម្ពុជា ដើម្បីបណ្ដុះបណ្ដាលសម្រាប់ការលើកម្ពស់សមត្ថភាពរបស់សហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម ដើម្បីបង្កើនសមត្ថភាព និងភាពធន់នៃធុរកិច្ច។
សម្ដេចតេជោ បានស្នើឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមសហគ្រាស ធុនតូច និងមធ្យម និងមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា ដើម្បីវាយតម្លៃសេចក្ដីត្រូវការ ដើម្បីអភិវឌ្ឍន៍ជំនាញស្របតាមការជាក់ស្ដែង ដែលដោះស្រាយកង្វះជំនាញ ដែលសហគ្រាស ធុនតូច និងមធ្យម បាននិងកំពុងជួបប្រទះ។ ជាងនេះទៀត ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំសម្របសម្រួល បង្កើតការងារបច្ចេកទេសអន្តរក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់សម្រួលពាណីជ្ជកម្ម សំដៅកាត់បន្ថយថ្លៃនៃការធ្វើពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជា និងជំរុញពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយ។ សម្ដេចតេជោ ក៏បានស្នើឱ្យ គ្រប់ក្រសួង ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងក្រសួង ស្ថាប័នរៀងៗខ្លួន និងជំរុញការបណ្ដុះបណ្ដាលមន្ត្រីក្រោមឱវាទ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ជូនធុរជន វិនិយោគិន និងប្រជាជនទូទៅ ក៏ដូចជា រួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោនយោបាយរដ្ឋាភិបាលឌីជីថល។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម សរុប មានចំនួនប្រមាណ ៧០ម៉ឺន មូលដ្ឋានស្មើនឹង ៩០% ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧% ហើយប្រភេទកែច្នៃចំណីអាហារ មានប្រមាណ ៨០% ដែលក្នុងនោះរោងចក្រធុនធំ មានប្រមាណជិត ២០០០ មូលដ្ឋាន៕ ដោយ៖ ជឹម ណារី



ប្រភព៖ ក្រសួងព័ត៌មាន


