រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឱ្យរុស្សីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី ដើម្បីនាំចូលទីផ្សាររុស្សី
សេដ្ឋកិច្ច April 8, 2023 Khmernote

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានស្នើឱ្យរុស្សីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី និងឱកាសនៃការនាំចូលទីផ្សាររុស្សី។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីរុស្សីចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-រុស្សី និងបានលើកឡើងអំពី MOU រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក។ ជាមួយគ្នានោះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីរុស្សីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី និងឱកាសនៃការនាំចូលទីផ្សាររុស្សីដោយក្រុមហ៊ុនរុស្សីផ្ទាល់ ដែលមានលក្ខណៈងាយស្រួលជាងក្រុមហ៊ុនខ្មែរនាំចូលទៅប្រទេសរុស្សី។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឱ្យភាគីរុស្សីធ្វើការពិចារណាក្នុងការនាំជីកសិកម្មមកកម្ពុជាក្នុងតម្លៃទីផ្សារសមរម្យ។

ទន្ទឹមនឹងនេះ ចំពោះការងារស្រាវជ្រាវ វិទ្យាសាស្ត្រ និងអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម បានស្នើភាគីរុស្សីពិនិត្យលទ្ធភាពក្នុងការបញ្ជូនគ្រូមកកម្ពុជា ព្រោះគ្រូម្នាក់អាចបង្រៀនសិស្សបានច្រើននាក់។ ការងារនេះផ្តោតលើជំនាញសំខាន់ៗដូចជាកសិកម្ម និងវិស្វករមេកានិចជាដើម ដែលនឹងជួយដល់វិស័យកសិកម្ម ហើយកម្ពុជាមានសាលាកសិកម្មចំនួន ៣ រង់ចាំសហការ។ យ៉ាងណាមិញចំពោះសំណើភាគីរុស្សី ឯកឧត្តម នឹងពិចារណានិងពិភាក្សាបន្ថែមទៀតជាមួយភាគីរុស្សីដែលចង់ឱ្យមានការរៀបចំទិវានៃការចងចាំពលរដ្ឋសូវៀតដែលបានស្លាប់នៅកម្ពុជា៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ