រដ្ឋាភិបាល សម្រេចឱ្យវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន ៥ទៀត ដែលនឹងផ្ដល់ប្រយោជន៍យ៉ាងច្រើន ពិសេសជួយដោះស្រាយបញ្ហាកង្វះខាតថាមពល
សេដ្ឋកិច្ច April 7, 2023 Khmernote

គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន ៥ទៀត ដែលមានអានុភាព​សរុប ៥២០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យវិនិយោគ។ ការ​សម្រេច បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។

គម្រោងវិនិយោគផលិតថាមអគ្គិសនីទាំង ៥ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យវិនិយោគ​នេះរួមមាន៖ គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពព្រះអាទិត្យចំនួន ៤ ក្នុងនោះ នៅខេត្តពោធិ៍សាត់ មានអានុភាព ១៥០មេហ្គាវ៉ាត់ , ខេត្តកំពង់ឆ្នាំង អានុភាព ៦០មេហ្គាវ៉ាត់ ,ខេត្តស្វាយរៀង អានុភាព ៦០មេហ្គាវ៉ាត់ និងខេត្តព្រៃវែង អានុភាព ៨០មេហ្គាវ៉ាត់។

យោងតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល បានឱ្យដឹងថា គម្រោងទាំង ៥ នេះ នឹងធ្វើឱ្យកម្ពុជា ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័ន
កាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។

លើសពីនេះផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្រ្គប់កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមេផង ជាមួយគ្នានោះ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលដែលមានអាងស្តុកទឹកធំនឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សាទុកនៅក្នុងអាងទឹកនេះ ជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀត។ ធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។

មិនតែប៉ុណ្ណោះនាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។ លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕

អត្ថបទ៖ លីនី