ក្រុមហ៊ុន Apple Inc កំពុងកាត់បន្ថយការងារមួយចំនួននៅក្នុងក្រុមលក់រាយនៃសាជីវកម្មរបស់ខ្លួន នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg ដែលទទួលបានពីអ្នកដែលដឹងពីបញ្ហានេះ។ បើតាមប្រភព ការបញ្ឈប់ការងារនឹងប៉ះពាល់ដល់អ្វីដែលក្រុមហ៊ុន Apple ហៅថា ក្រុមអភិវឌ្ឍន៍ និងការអភិរក្សរបស់ខ្លួន ចំនែកឯចំនួនមុខតំណែងដែលត្រូវបានដកចេញមិនអាចបញ្ជាក់បានឡើយ ប៉ុន្តែទំនងជាមានតិចតួចណាស់។
ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោកមួយនេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ គួរបញ្ជាក់ផងដែរថា ការព្រួយបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែការកើនឡើងអត្រាការប្រាក់ បានជំរុញឱ្យមានការកាត់បន្ថយការងារជាបន្តបន្ទាប់នៅទូទាំងក្រុមហ៊ុននៅអាមេរិកក្នុងប៉ុន្មានខែថ្មីៗនេះ។
ក្នុងនោះ ក្រុមហ៊ុន Meta មេធំរបស់ Facebook កាលពីខែមុនបានប្រកាស នឹងកាត់បន្ថយការងារចំនួន ១០,០០០ នៅឆ្នាំនេះ ដែលធ្វើឱ្យ Meta ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដំបូងគេ ដែលបានប្រកាសពីការបញ្ឈប់ការងារជាលើកទីពីរ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


