មិនចាញ់ខេត្តដទៃ! ក្រុមហ៊ុនចំនួន ៤៨កំពុងវិនិយោគលើវិស័យកសិកម្មក្នុងខេត្តក្រចេះ ជំរុញដល់សេដ្ឋកិច្ចខេត្ត ពលរដ្ឋក៏មានការងារធ្វើ
សេដ្ឋកិច្ច April 1, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៤៨កំពុងវិនិយោគលើវិស័យកសិកម្មក្នុងខេត្តក្រចេះដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានឲ្យដឹងថា ខេត្តក្រចេះក៏ជាខេត្តមួយដែរអំណោយផលលើវិស័យកសិកម្មដោយសារផ្ទៃដីធំទូលាយនិងសណ្ឋានដីមានជីជាតិល្អសម្រាប់ការដាំដុះដំណាំផ្សេងៗ ខណៈប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មខេត្តមានជាង៧០ភាគរយ។

ដោយសារសណ្ឋានដីល្អនោះហើយទើបមានក្រុមហ៊ុនវិនិយោគជាច្រើនចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យកសិកម្មក្នុងខេត្តមួយនេះ។ ឯកឧត្តមបានបន្តថា មកដល់ពេលបច្ចុប្បន្ននេះខេត្តក្រចេះមានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដីសរុប ១៩៨ ៩៧០ហិកតា ដោយដាំដុះដំណាំសេដ្ឋកិច្ចចំនួន៦ប្រភេទដូចជា÷ ទី១ដំណាំកៅស៊ូ,ទី២ ដំណាំដំឡូងមី,ទី៣ដំណាំចេកអំបូងលឿង, ទី៤ដំណាំអំពៅ,ទី៥ម៉ៃសាក់ និងទី៦ដំណាំស្វាយចន្ទីដែលបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានតាមរយៈបង្កើនឱកាសកាត់ បន្ថយការងារការចំណាកស្រុក។

“ក្រុមហ៊ុនវិនិយោគនេះក៏បានដាំដុះកៅស៊ូចំនួន ៥៤,៤៤៥ ហិកតា ដំឡូងមីចំនួន ១,០០០ ហិកតា ចេកអំបូងលឿងចំនួន ៣,៥០០ហិកតា អំពៅចំនួន ៦,០០០ ហិកតា ម៉ៃសាក់ចំនួន ១,៦៥១ ហិកតាស្វាយចន្ទីចំនួន ៣,៤៩៧ ហិកតា “។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ក្រៅអំពីការវិនិយោគលើដំណាំកសិកម្មហើយនោះ ក៏មានរោងចក្រចំនួន ៣កន្លែងដែលកំពុងកែច្នៃដំឡូងមី២កន្លែង រោងចក្រផលិតស្ករសមួយកន្លែងដើម្បីបាននាំចេញទៅក្រៅប្រទេសផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន