សម្ដេចតេជោ ហ៊ុន សែន ផ្ដាំដល់ពលរដ្ឋមិនគួរភ័យជ្រុលរហូតទៅដកប្រាក់ពីធនាគារ ក្រោយមានការព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចសកល ព្រោះអាចធ្វើឱ្យដួលរលំធនាគារខ្លួនឯង
សេដ្ឋកិច្ច March 30, 2023 Khmernote

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នាឱកាសនោះ​ សម្ដេចតេជោ បានមានប្រសាសន៍ថា បញ្ហាសេដ្ឋកិច្ចកំពុងប្រកាសអាសន្ន ប៉ុន្ដែការប្រកាសអាសន្ននេះ សម្ដេចបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋមិនត្រូវនាំគ្នាទៅដកប្រាក់ពីធនាគារនោះទេ ដែលជាសកម្មភាពមួយធ្វើឱ្យងាប់សេដ្ឋកិច្ច និងដួលរលំធនាគារខ្លួនឯងទៅវិញទេ។

ជាមួយគ្នានេះ សម្ដេចក៏បានគូសបញ្ជាក់ថា ការប្រកាសពីវិបត្តិសេដ្ឋកិច្ចនេះ ក៏ជាកត្តាចិត្តសាស្រ្ដផ្នែកសេដ្ឋកិច្ចសកលមួយដែរ ដូច្នេះប្រទេសកម្ពុជាមិនទាន់ដល់កម្រិតដែលពលរដ្ឋត្រូវភិតភ័យលើបញ្ហានេះនោះទេ។ គួរបញ្ជាក់ផងដែរថា ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ដោយបានធ្វើការព្រមានពីហានិភ័យ ចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង និងអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្តទៀត។ ជាមួយគ្នានេះ ធនាគារពិភពលោក (WB) ក៏បានព្រមានថា កំណើនសេដ្ឋកិច្ចសកលជាមធ្យមនឹងធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលបីទសវត្សរ៍ គឺ ២.២ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣០ ដែលឈានទៅដល់រយៈពេលមួយហៅថា «មួយទសវត្សរ៍ដែលបាត់បង់» សម្រាប់សេដ្ឋកិច្ចពិភពលោក៕