ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រុងសៀមរាប ទទួលបានពានរង្វាន់ជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ (Best Countdown City Of The year) ចំនួន ៣លើក ក្នុងនោះចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ ចំណាត់ថ្នាក់លេខ ២ ប្រចាំឆ្នាំ២០២១ និងចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០២២។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដសៀមរាប» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមអភិបាល បានគូសបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់ និងការគាំទ្ររបស់ខេត្តសៀមរាបនេះ គឺផ្អែកលើសក្ដានុពលខេត្ត ដែលជាខេត្តទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ត ការរៀបចំកែលម្អសោភ័ណភាពទីក្រុង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយ ប្រកបដោយភាពទាក់ទាញ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។
គួរបញ្ជាក់ផងដែរថា តាមការលើកឡើងរបស់ឯកឧត្តម ទៀ សីហា ក្រៅពីជ័យលាភីខាងលើ ក្រុងសៀមរាបក៏ទទួលបានជ័យលាភីជាច្រើនទៀត ក្នុងនោះរួមមាន៖ ពានរង្វាន់ជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី២ នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២,ជ័យលាភី ផ្ការំដួល ៣ទង ៣លើកជាប់គ្នា គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៨ និងឆ្នាំ២០២២ ក្នុងចលនាប្រឡងប្រណាំងតីក្រុងស្អាត និង “ភូមិវត្តបូព៌” ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក តាមរយៈគេហទំព័រ Time Out និងបានផ្សព្វផ្សាយដោយ CNN៕

អត្ថបទ៖ លីនី


