សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម ឱ្យបង្កើនការទិញអង្ករ គ្រាប់ស្វាយចន្ទី ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។ សម្ដេចតេជោ បានស្នើសុំឲបែបនេះ នៅក្នុងឱកាសជួបប្រជុំទ្វេភាគី រវាងសម្ដេច តេជោ និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើប្រទេសម៉ាឡេស៉ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា និងម៉ាឡេស៊ី បានធ្វើការពិភាក្សាលើកិច្ចការជាច្រើន ក្នុងនោះបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការប្រឆាំង នឹងការរត់ពន្ធ ការជួញដូរមនុស្ស និងសំអាតប្រាក់រួមទាំងការពិចារណាបង្កើតឱ្យមានអនុស្សារណៈយោគយល់គ្នារវាងនគរបាលនៃប្រទេសទាំង២ផងដែរ៕


អត្ថបទ៖ លីនី


