លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្ន ខណៈហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។
លោកស្រី បានលើកឡើងបែបនេះ កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះក៏បានរម្លឹកឡើងវិញផងដែរ នូវទស្សនៈរបស់លោកស្រីថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយកំណើនពិភពលោកបានធ្លាក់ចុះមកនៅក្រោម 3% ដោយសារផលប៉ះពាល់បន្សល់ពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុ។
ជាមួយគ្នានេះដែរ នៅឯវេទិកាអភិវឌ្ឍន៍ចិន លោកស្រី Georgieva បានលើកឡើងថា ទោះបីជាមានទស្សនវិស័យកាន់តែប្រសើរឡើងសម្រាប់ឆ្នាំ២០២៤ ក៏ដោយ ក៏កំណើនពិភពលោកនឹងនៅតែទាបជាងមធ្យមភាគចាស់របស់ខ្លួនដែលមាន ៣.៨ ភាគរយ ហើយទស្សនវិស័យទាំងមូលនៅតែខ្សោយ។
គួរបញ្ជាក់ផងដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកថាមានចំនួន ២.៩ ភាគរយនៅឆ្នាំនេះ គ្រោងនឹងចេញផ្សាយការព្យាករណ៍ថ្មីនៅខែក្រោយ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


