ក្រសួងសាធារណការ ផ្ដល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ដែលអាចធ្វើឱ្យអ្នកដំណើរបើកបរចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមិនបាច់រង់ចាំ
សេដ្ឋកិច្ច March 13, 2023 Khmernote

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ជូនឧបករណ៍ ETC-OBU ឥតគិតថ្លៃ ដោយការផ្ដល់ជូននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។

តាមការបង្ហោះរបស់ក្រសួង ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ គឺសម្រាប់បងប្អូនដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមិនចាំបាច់រង់ចាំ។ ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ។
ឯកសារតម្រូវ(ច្បាប់ដើម)៖
១. អត្តសញ្ញាណប័ណ្ណ
២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
៣. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)។

គួររម្លឹកដែរថា ETC (Electronic Toll Collection) គឺជាច្រកអាទិភាព សម្រាប់រថយន្តដែលមានបំពាក់ឧបករណ៍ OBU(On-Board Unit) នៅនឹងកញ្ចក់ផ្នែកខាងមុខ បើកបរចេញចូល ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់ចំណាយពេលរង់ចាំ។

* បងប្អូនអាចអញ្ជើញធ្វើការចុះឈ្មោះប្រើប្រាស់បំពាក់ឧបករណ៍ ETC-OBU ជាប់កញ្ចក់ផ្នែកខាងមុខនៃរថយន្ត ដើម្បីចូលប្រើប្រាស់គន្លង ETC នៅទីតាំងដូចខាងក្រោម៖

– គ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន
– មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន
ទំនាក់ទំនង៖
⁃ ព័ត៌មានពីសេវាកម្ម៖ 1399
⁃ ព័ត៌មានទូទៅ៖ 1275

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន