ក្រសួងកសិកម្មវៀតណាម ព្រមានកសិករថា ការនាំគ្នាដាំទុរេនច្រើនពេក នឹងជំរុញឱ្យការផ្គត់ផ្គង់លើសតម្រូវការ
សេដ្ឋកិច្ច February 25, 2023 Khmernote

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្រមានកសិករនៅតំបន់ភាគខាងត្បូងថា ការកើនឡើងនៃការដាំដុះដំណាំទុរេននាពេលថ្មីៗនេះ អាចនាំឱ្យការផ្គត់ផ្គង់លើសតម្រូវការ។ នាយកដ្ឋានផលិតកម្មដំណាំរបស់ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កសិករនៅតំបន់ដីសណ្ដទន្លេមេគង្គ តំបន់ខ្ពង់រាបកណ្តាល និងតំបន់ភាគខាងត្បូងផ្សេងទៀតកំពុងបំផ្លាញដំណាំកាហ្វេ ម្រេច និងស្រូវរបស់ពួកគេ ដើម្បីដាំដំណាំទុរេនជំនួសវិញ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការកើនឡើងនៃការដាំដុះទុរេនដោយមិនបានគិតគូរឱ្យម៉ត់ចត់អាចនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការ ដោយបន្ថែមថា ការដាំទុរេននៅលើដីដែលមិនសមស្របអាចបណ្តាលឱ្យបាត់បង់ទិន្នផល និងគុណភាពយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា នៅ​ក្នុង​ប្រទេស​វៀតណាមទុរេន​ត្រូវ​បាន​គេ​ដាំដុះ​ភាគច្រើន​នៅ​ខេត្ត​ខ្ពង់រាប ​ភាគ​ខាង​ត្បូង​ និង​កណ្តាល ​ដូចជាខេត្ត Tien Giang, Ben Tre, Lam Dong និង Gia Lai។ នៅ Tien Giang ផ្ទៃដីដែលប្រើប្រាស់សម្រាប់ដាំមទុរេនបានកើនឡើងដល់ ២០,០០០ហិកតា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress