វៀតណាម ប្រកាសបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹក កម្ពុជា-វៀតណាម (វិញសឿង-ក្អមសំណ) ដាក់ឱ្យដំណើរការជាផ្លូវការ
សេដ្ឋកិច្ច February 24, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹកវៀតណាម វិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក វិញសឿងរបស់វៀតណាម ទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និង ផ្លូវទឹកក្អមសំណ-វិញសឿង នៃប្រទេសទាំងពីរ ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់រដ្ឋបាលខេត្តអានយ៉ាង ប្រទេសវៀតណាម ដែលបានខិតខំស្នើសុំរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក​ ផ្លូវទឹក វិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល របស់កម្ពុជា ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើត និង ដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០០១កន្លងមក។

ច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិ វិញសឿង គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ហើយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹក ក្អមសំណ-វិញសឿង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីក នូវទំនាក់ទំនងសហប្រតិបត្តិការ អភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរទំនិញធុនធ្ងន់ និង ធុនស្រាល និង កសិផលរវាងប្រទេសទាំងពីរ សំដៅពង្រីកកំណើនសេដ្ឋកិច្ចដល់ប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានស្នើដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខេត្តទាំងពីរ របស់ខេត្តកណ្តាល និងខេត្តអានយ៉ាង សូមបន្តរួមគ្នាសហការឱ្យបានល្អ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ និងរាល់បទល្មើសគ្រប់ប្រភេទ ព្រមទាំងបកស្រាយរាល់ការផ្សព្វផ្សាយ នូវព័ត៌មានមិនពិត ដើម្បីធានាភាពស្អាតស្អំដល់សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ នៃប្រទេសទាំងពីរដែលឈរជើងនៅទីនេះ។ ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់សកម្មភាពផ្លាស់ប្តូរទំនិញ កសិផលរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។

ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និង ផ្លូវទឹកក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹក វិញសឿង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៃប្រទេសទាំងពីរ ហើយជាពិសេស គឺខេត្តកណ្តាល និងខេត្តអានយ៉ាង។

លោក ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះបណ្ដាអាជ្ញាធរសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ របស់ខេត្តកណ្តាល និង ខេត្តអានយ៉ាង ដែលកន្លងមកបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការខេត្តជាប់ព្រំដែន ដែលទទួលបានលទ្ធផលយ៉ាងល្អ។

ជាពិសេសក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងបានរួមសហការគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ធ្វើឱ្យសភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ មានភាពល្អប្រសើរគួរជាទីមោទនៈ ។ សូមឱ្យចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង រឹងមាំ ឋិតថេរចីរកាល យូរអង្វែងតទៅ ៕

ប្រភព៖ ក្រសួងព័ត៌មាន