សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញបំណងចង់ឱ្យប្រទេសបារាំងវិនិយោគលើវិស័យកសិកម្ម ផ្នែកកែច្នៃស្រូវ សម្រាប់ការនាំចេញ។ សម្ដេចតេជោ បានលើកឡើងពីបំណងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។
សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចបានជម្រាបជូនឯកឧត្តម រ៉េមី អំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង នាំអង្ករចេញពីកម្ពុជា។
សម្ដេចតេជោ បានបន្តថា គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។ ជាមួយគ្នានោះដែរ សម្ដេចក៏បាន ស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង ឯកឧត្តម រ៉េមី បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង។
ជាកិច្ចឆ្លើយតប ឯកឧត្តម រ៉េមី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានកត់ត្រាទុកនៅរាល់អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ ហើយឯកឧត្តម នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ៕








អត្ថបទ៖ លីនី


