ដំណឹងល្អ! សាធារណរដ្ឋកូរ៉េសន្យាផ្តល់កូតា សម្រាប់ពលករកម្ពុជា ឱ្យបានជាង១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣នេះ
សេដ្ឋកិច្ច February 21, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េបានសន្យាថា នឹងបង្កើនកូតា​ពលករកម្ពុជា ឱ្យបានច្រើនជាងមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣នេះ និងកាន់តែច្រើននៅ​ឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត UH SOOBONG ប្រធាន​​អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាអំពីវិធី​សាស្រ្ត​ក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងឈ្វេងយល់អំពីគម្រោងធ្វើ​សមាហរណកម្មពលករ​កម្ពុជា​ក្រោយ​ពេលត្រឡប់មកមាតុភូមិវិញ។

​ឯកឧត្ដមបណ្ឌិត UH SOOBONG បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ កម្ពុជា​ទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រឡាញ់ពេញ​ចិត្ត​ជាខ្លាំង។ ឯកឧត្ដម ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ​បាន​បញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់​ពលករ​បរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេស​អាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចី​ជួយ​ដល់​ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបាន​យ៉ាង​ប្រសើរ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែល​បាន​ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់​ប្រទេស​យើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក្តី សាធារណរដ្ឋកូរ៉េ នៅតែបន្ត​ជ្រើស​រើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករ​កម្ពុជា​បានយ៉ាងល្អទៀតផង។

ជាមួយការដែលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានសង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែ​ប្រួល​សេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិ​យោគ​ដ៏ល្បី​ល្បាញ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រសួងមុខរបរ និង​ការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករ​កម្ពុជា បានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យា ផ្តល់កូតាជូនពល​ករ​កម្ពុជា ជាងមួយម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូន​ពលករ​ទៅ​បរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការ​ជ្រើស​រើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការ​ងារ​ជូន​ដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានបង្ហាញនូវក្ដីរីករាយចំពោះគម្រោង ដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់​ពល​ករ​បរទេសដែលចប់អណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់​លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ឯកឧត្តមរដ្ឋ​មន្ត្រី​​ក៏បានបញ្ជាក់ជូនដែរថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារចង់ឱ្យពលករកម្ពុជា ស្ថិត​ក្នុងអាទិភាពខ្ពស់មួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថា នឹងធ្វើការ​ជ្រើស​រើស៕

ប្រភព៖ ក្រសួងព័ត៌មាន