សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ សម្ដេច តេជោ បានបង្ហាញគោលបំណងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។
ក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ជូនឯកឧត្តម ដូមីនិក ពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគិនអង់គ្លេស មកកាន់កម្ពុជាកាន់តែច្រើនថែមទៀតនាពេលខាងមុខ។
ឯកឧត្តម ដូមីនិក ក៏បានជម្រាបជូនសម្ដេចតេជោថា មហិច្ឆតារបស់ឯកឧត្តម គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនឹងខ្លាំងឡើង៕



អត្ថបទ៖ លីនី


