ភ្នំពេញ-សៀមរាបកៀកបង្កើយ ខណៈក្រសួងសាធារណការ បង្ហើបថា គម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងចុះហត្ថលេខាក្របខណ្ឌការងារនៅឆ្នាំនេះ
សេដ្ឋកិច្ច February 16, 2023 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង កាលពីព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកំពុងជំរុញឱ្យក្រុមហ៊ុនដែលកំពុងសិក្សាពីគ​ម្រោ​ង​នេះ ឱ្យឆាប់ចប់សព្វគ្រប់ ដើម្បីអាចឈានទៅចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈណាមួយនៅឆ្នាំ២០២៣ នេះ​។

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប មានក្រុមហ៊ុនចំនួន ៤ កំពុងសាងសង់ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ៕

(រូបតំណាង)

អត្ថបទ៖ លីនី