អាជីវកម្មក្នុងវិស័យទេសចរណ៍ជាច្រើននៅប្រទេសវៀតណាម បានសម្ដែងការខកចិត្ត ខណៈមកទល់ពេលនេះមិនទាន់មានភ្ញៀវទេសចរចិនមកកម្សាន្តនៅក្នុងប្រទេសខ្លួនឡើងវិញឡើយ បន្ទាប់ពីរង់ចាំអស់រយៈពេល ៣ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនទេសចរណ៍វៀតណាមជាច្រើនបានប្រញាប់ប្រញាល់ រៀបចំទីផ្សារ ការដាក់ឱ្យដំណើរការផលិតផលទេសចរណ៍ថ្មីៗ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដើម្បីទទួលការវិលត្រឡប់នៃក្រុមទេសចរណ៍ចិនបន្ទាប់ពីអវត្តមានជិតបីឆ្នាំ ប៉ុន្តែក៏ត្រូវខកចិត្តវិញ ដោយសារតែប្រទេសវៀតណាមមិនត្រូវបានបញ្ចូលក្នុងបញ្ជីប្រទេសចំនួន ២០ ដែលប្រទេសចិនបានអនុញ្ញាតឱ្យភ្នាក់ងារទេសចរណ៍របស់ខ្លួនរៀបចំដំណើរទេសចរណ៍ទៅក្រៅប្រទេស ដែលក្នុងនោះប្រទេសនៅអាស៊ីអាគ្នេយ៍មានដូចជា៖ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។
គួរបញ្ជាក់ផងដែរថា ខណៈពេលដែលវៀតណាមចាប់អារម្មណ៍ និងរង់ចាំយ៉ាងអន្ទសារ ចំពោះការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន មជ្ឈមណ្ឌលទេសចរណ៍អាស៊ីអាគ្នេយ៍ដូចជា ប្រទេសថៃ និងឥណ្ឌូនេស៊ី បានស្វាគមន៍ភ្ញៀវចិន ជាច្រើនក្រុមជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


